វិស័យទេសចរណ៍ពិភពលោក បាត់បង់ប្រាក់ ៣២០ពាន់លានដុល្លារ ដោយសារវិបត្តិសេដ្ឋកិច្ចសកល

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ចំណូលសកលលោកប្រមាណ ៣២០ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍ គិតត្រឹមរយៈពេលតែ៥ខែដើមឆ្នាំ ២០២០ប៉ុណ្ណោះ គិតចាប់ពីខែមករា ដល់ខែឧសភា ២០២០នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដកស្រង់ការចេញផ្សាយរបស់អង្គការទេសចរណ៍ពិភពលោក ការបាត់បង់ថវិកាឬចំណូលពីខែមករា ដល់ខែឧសភា កើនឡើង ៣ដង បើប្រៀបធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៩។

របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក បានបង្ហាញផងដែរថា ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរការបានបាត់បង់ប្រមាណ៣០០លាននាក់ក្នុងអំឡុងពេល៥ខែនេះ ឬ ប្រមាណ៥៦ភាគរយ ជាពិសេសនៅពេលមានការបិទតំបន់នីមួយៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្នុងពេលបច្ចុប្បន្ននេះ ការធ្វើដំណើរលក្ខណៈក្នុងតំបន់ ឬក្នុងប្រទេសចាប់ផ្ដើមកក្រើកបន្តិចវិញ តែក៏មានការព្រួយបារម្ភឬក៏ប្រឈមនឹងហានិភ័យខ្ពស់ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះឡើងវិញ។

ដោយឡែកងាកមកកម្ពុជាវិញក៏ត្រូវបានព្យាករណ៍ថាបាត់បង់ចំណូលរាប់ពាន់លានដុល្លារអាមេរិកផងដែរពីវិស័យទេសចរណ៍នេះ ជាក់ស្ដែងបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍លោកប៉ាក់ សុខុមរដ្ឋលេខាធិការថា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ហើយភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជាព្យាករណ៍នឹងធ្លាក់ចុះ ក្នុងរង្វង់៧០ភាគរយ ភ្ញៀវក្នុងស្រុកធ្លាក់ចុះប្រមាណ៥០%ភាគរយ។

គិតមកដល់ថ្ងៃទី ៣១ កក្កដា ២០២០នេះ ពិភពលោកមានផ្ទុកជំងឺកូវីដ១៩ចំនួនជាង១៧លាននាក់ ក្នុងនោះសហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺនេះច្រើនជាងគេ ដែលមានរហូតដល់ជាង៤លាន៥សែននាក់ ។ ដោយសម្រាប់កម្ពុជាមានរកឃើញអ្នកឆ្លងជំងឺនេះ ចំនួន២៣៤នាក់ តែមិនមានទាន់ករណីស្លាប់នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here