តើរដ្ឋាភិបាលប្រើប្រាស់ថវិការជាតិលើវិស័យសំខាន់ៗអ្វីខ្លះ ក្នុងឆ្នាំ២០២៣?

ដោយៈ សុផារី

ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំង​ស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣​។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣”។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលានេះថា ការអនុវត្តថវិកាឆ្នាំ២០២១ បានរួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ រួមមាន ការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់ នៃជំងឺដ៏កាចសាហាវនេះ តាមរយៈការជំរុញការនាំចេញឱ្យអស់ពីសក្ដានុពល និងងាកពីការពឹងផ្អែកទាំងស្រុងលើតម្រូវការខាងក្រៅ មកពឹងផ្អែកមួយចំនួនលើតម្រូវការក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថវិកាឆ្នាំ២០២១ ក៏ត្រូវបានប្រើប្រាស់ ដើម្បីបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម ប្រកបដោយបរិយាបន្ន និងអនុវត្តក្របខ័ណ្ឌចំណាយអន្តរា​គមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ និងហានិភ័យនានា ប្រក​ប​ដោយប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍និងប្រតិបត្តិការ។

បន្ថែមលើសនេះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១ -២០២៣ ជំរុញការអនុវត្តក្រប​ខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ និងគាំទ្រការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដោយរួមបញ្ចូលនូវការបង្កើនប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការជំរុញអនុវត្តដោយម៉ត់ចត់ នូវយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ជាពិសេស ដើម្បីពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ តាមរយៈការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជន និងសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងវិធានការជាក់លាក់ ក៏ដូចជាតាមរយៈការបន្តវិនិយោគសាធារណៈលើការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ រូបវន្តលើការតភា្ជប់ក្នុងវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល។

ថវិការនេះក៏ប្រើប្រាស់ ដើម្បីបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងកម្រិតទាប មធ្យម និងខ្ពស់ ព្រមទាំងសុខុមាលភាពសង្គម ដើម្បីផ្គត់ផ្គង់ពលករជំនាញប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ និងជំរុញការធ្វើពិពិធកម្មផលិតកម្ម គោលដោ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ព្រមទាំងបន្តជំរុញការអភិវឌ្ឍវិស័យកសិ​កម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here