សេដ្ឋកិច្ច សង្គមកម្ពុជាមានសភាពបែបណាក្នុងរបាយការណ៍របស់ ធនាគារពិភពលោក?

ដោយៈ​គង់ សិរីជេស៊ីកា

       ភ្នំពេញៈ នៅ​ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍ មុននឹងមានផ្ទុះជំងឺកូវីដ-១៩ រាតត្បាតទូទាំងសាកលលោក ប្រទេសកម្ពុជាមាន​ការ​ផ្លាស់​ប្តូររីកចម្រើន​​គួរ​ឱ្យ​កត់​សម្គាល់ ដោយបានឡើងដល់​ឋានៈជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៥។

ប្រទេសនេះប្រាថ្នាថា ​នឹង​សម្រេច​ឱ្យ​បាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅ​ត្រឹម​ឆ្នាំ​២០៣០។ ដោយ​មាន​វិស័យ​នាំ​ចេញ​សម្លៀកបំពាក់​ និង​ទេសចរណ៍​ជា​អ្នក​នាំមុខ សេដ្ឋ​កិច្ច​របស់​កម្ពុជា​រក្សា​បាននូវ​កំណើន​ជា​មធ្យមចំនួន​៧.៧ភាគរយក្នុង​មួយ​ឆ្នាំ នៅចន្លោះ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០១៩ ដែល​ធ្វើឱ្យ​ប្រទេស​នេះ ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស ​ដែល​​សេដ្ឋកិច្ចមាន​កំណើនលឿន​​ជាង​គេនៅ​លើ​ពិភពលោក។

ជាអកុសល នៅក្នុង​ឆ្នាំ២០២០ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ ទៅលើ​ផ្នែកធំៗទាំងបី នៃសេដ្ឋកិច្ចរបស់កម្ពុជា​ គឺវិស័យទេសចរណ៍ ការនាំចេញនៃកម្មន្តកម្ម និង​វិស័យសំណង់។ វិស័យ​ទាំងបីនេះ រួមគ្នាមានចំណែកជាង៧០ភាគរយ នៃ​កំណើនសេដ្ឋកិច្ច​របស់ប្រទេស និង​ផ្តល់​ការងារបានចំនួន៣៩ភាគរយ នៃការងារ​មានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស នៅក្នុងឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ក្នុង​អត្រា-៣,១ភាគរយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតតាំងពីឆ្នាំ១៩៩៤ មក។

បច្ចុប្បន្ន កម្ពុជាបានសម្របខ្លួនរស់នៅ ជាមួយជំងឺកូវីដ-១៩ហើយ។ កំណើនពិតប្រាកដ នៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ត្រូវបានព្យាករណ៍ឡើងវិញថាសម្រេចបាន​៣ភាគរយ។ អាជ្ញាធររដ្ឋាភិបាលបានបន្ធូរបន្ថយ ការរឹតបន្តឹងចំពោះការធ្វើដំណើរ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទ្រទ្រង់សកម្មភាព​អាជីវកម្ម។ ការឆ្លងជំងឺកូវីដ-១៩ ដែលបានធ្លាក់ចុះក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ បានស្ទុះឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃវ៉ារ្យ៉ង់អូមីក្រុង។

ប្រហែល៨៣ភាគរយ នៃចំនួនប្រជាជនទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំង២ដង។ ចំពេលមានការបន្ធូរបន្ថយ ការរឹតត្បិតលើការធ្វើដំណើរ ការងើបឡើងវិញនៃសេដ្ឋកិច្ច កាន់តែមានកម្លាំងថែមទៀតដោយ​សារការស្ទុះឡើងវិញ យ៉ាងខ្លាំងក្លានៃផ្នែកផលិតកម្ម ជាពិសេសវិស័យកាត់ដេរ ទំនិញសម្រាប់ធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មកង់ និងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ វិស័យសេវាកម្ម និងជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពផ្តល់ការងារដ៏សំខាន់ នៅតែមានភាពយឺតយ៉ាវនៅឡើយ​ នៅក្នុដំណើរការស្តារស្ថានភាពរបស់វាឡើងវិញ។

ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ថ្មីៗរបស់កូវីដ-១៩ អាចបន្ទច់បង្អាក់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ទោះបីជាតម្រូវការខាងក្រៅប្រទេស នៅបន្តមានការកើនឡើងក៏ដោយ។ ដោយសារកម្ពុជា ជាអ្នកនាំចូលថាមពល និងអាហារដុល ការកើនឡើងតម្លៃថាមពល និងអាហារដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន អាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យប្រាក់ចំណូ​លធ្លាក់ចុះ នាំឱ្យភាពក្រីក្រកាន់តែកើនឡើងថែមទៀត។

ថ្មីៗនេះ កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ២០១៩/២០២០ ដោយផ្តោតលើការចំណាយ ដើម្បីបំពេញតម្រូវការមូលដ្ឋាន និងប្រើប្រាស់កន្ត្រករួមធ្វើ​ជាមូលដ្ឋាន។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ នៅកម្ពុជាបច្ចុប្បន្ន ស្មើនឹង ១០.៩៥១ រៀល ឬស្មើនឹង២,៧ ដុល្លារអាមេរិក (អត្រាប្តូរប្រាក់លើទីផ្សារ) សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ។

នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល១៨ភាគរយនៃចំនួនប្រជាជនកម្ពុជា ត្រូវបានកំណត់ថាជាអ្នកក្រីក្រ។ អត្រាភាពក្រីក្រប្រែប្រួលគួរឱ្យកត់សម្គាល់ទៅតាមតំបន់។ រាជធានីភ្នំពេញ មានអត្រាភាពក្រីក្រទាបជាងគេបំផុតចំនួន (៤,២ ភាគរយ) បន្ទាប់មកតំបន់ទីប្រជុំជនផ្សេងទៀតមានអត្រាភាពក្រីក្រចំនួន១២,៦ភាគរយ ហើយតំបន់ជនបទមានអត្រាភាពក្រីក្រខ្ពស់ជាងគេបំផុតចំនួន (២២,៨ភាគរយ)។

គិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៩/២០២០ អត្រានៃភាពក្រីក្របានធ្លាក់ចុះចំនួន១,៦ភាគរយក្នុងមួយឆ្នាំ ដោយសារមានការកើនឡើងនៃប្រាចំណូលពលកម្ម (ជាពិសេសប្រាក់ឈ្នួល) ដែលដើរតួជាកត្តាជំរុញមួយផ្នែកធំ។ ទោះជាយ៉ាងនេះក្តី ជំងឺរាតត្បាតកូវីដ-១៩ បាននាំឱ្យអ្នកអត់ការងារធ្វើមានចំនួនកើនឡើង និងបង្កើនភាពក្រីក្រ និងវិសមភាពថែមទៀត​។

ការពង្រីកជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០ ជួយសម្រាលបានមួយម្រិតនូវការបាត់​បង់ប្រាក់ចំណូល ដោយសារជំងឺរាតត្បាតនេះ។ កំណើនអត្រាភាពក្រីក្រក្នុងឆ្នាំ ២០២០ ត្រូវបានព្យាករណ៍ទុកថាមានកំណើនត្រឹម២,៨ ភាគរយ។​

ភាពក្រីក្រនៅតែមានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ លទ្ធផល​នៃ​ការ​ស្ទង់មតិញឹកញាប់​ តាម​ទូរស័ព្ទ​ជាមួយ​គ្រួសារ​បង្ហាញ​ថា ​ការងារ​នៅ​មិន​ទាន់​ត្រឡប់​ទៅ​រកកម្រិត នៅ​មុនពេលមាន​ជំងឺ​រាតត្បាត​នេះនៅ​ឡើយ​ទេ។ ផលប៉ះពាល់អវិជ្ជមាន នៃជំងឺរាតត្បាតនេះលើប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ដែលពុំមានដីដាំដុះនៅតែមានសភាពធំធេង ដែលភាគច្រើនបណ្តាលមកពីតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ ស្ទើរតែពាក់កណ្តាលនៃគ្រួសារ បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រាក់ចំណូលនៅចន្លោះខែធ្នូ ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។

ត្រង់នេះបង្ហាញថា សមាមាត្រនៃគ្រួសារ ដែលរងផលប៉ះពាល់អវិជ្ជ​មានដោយសារកូវីដ-១៩ បន្តមានការលំបាកពីការបាត់បង់ ប្រាក់ចំណូលដែលអាចនាំឱ្យភាពក្រីក្រកើនឡើង។

ប្រទេសកម្ពុជាបានខិតខំ ធ្វើឱ្យមានភាពប្រសើរឡើងជាលំដាប់ ក្នុងផ្នែកសុខាភិបាល ការអភិវឌ្ឍកុមារតូច និងការអប់រំកម្រិតបឋមនៅតាមជនបទ។ អាយុកាលមធ្យមគិតចាប់តាំងពីពេលកើត បានកើនឡើងពី៥៨ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧០ឆ្នាំ ក្នុងឆ្នាំ២០២០។ សមាមាត្រអត្រាមរណភាពមាតាក្នុង១០០,០០០កំ​ណើតរស់ បានថយចុះពី៣៥១នាក់ក្នុងឆ្នាំ២០០៥​ មកនៅត្រឹម១៦០នាក់ក្នុងឆ្នាំ២០១៧។

អត្រាមរណៈរបស់កុមារអាយុក្រោមប្រាំឆ្នាំ បានថយចុះពី១០៦,៣នាក់ ក្នុង១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកនៅត្រឹម២៦,៦នាក់ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។ អត្រាមរណៈរបស់ទារកបានធ្លាក់ចុះពី ៧៨ នាក់ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម២២,៨នាក់ ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។

ទោះបីជាមានវឌ្ឍនភាព នៃលទ្ធផលផ្នែកសុខភាព និងការអប់រំក៏ដោយ សូចនាករផ្នែកមូលធនមនុស្ស នៅមានកម្រិតទាបជាងប្រទេស ដែលមានចំណូលមធ្យម កម្រិតទាបផ្សេងទៀតនៅឡើយ។

នៅឆ្នាំ២០២០ កុមារដែលកើតនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានគេរំពឹងថា នឹងមានផលិតភាពត្រឹមតែ៤៩ភាគរយប៉ុណ្ណោះ នៅពេលធំពេញរូបរាង ប្រសិនបើពួកគេទទួលបានការអប់រំ ប្រកបដោយគុណភាព សុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវក្នុងវ័យកុមារភាព។

តាម​ការ​ប៉ាន់​ស្មាន ​កុមារអាយុ​ក្រោម​ប្រាំ​ឆ្នាំ ម្នាក់ក្នុងចំណោម​បី​នាក់​ មានសភាព​ក្រិន ហើយ​មាន​តែ៣៦ភាគរយ ​នៃ​កុមារ​អាយុ​ពី៣ ទៅ៥ឆ្នាំ​ប៉ុណ្ណោះ ​ដែល​បាន​ចូល​រៀនកម្រិត​ដំបូង។ នៅឆ្នាំ២០២១ អត្រាចុះឈ្មោះចូលរៀនសរុបសម្រាប់ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមធ្យមសិក្សាទុតិយភូមិ បានឈានដល់៩១,៩ភាគរយ។ ៦០,៧ភាគរយ និង៣២,២ភាគរយតាមលំដាប់នីមួយៗ។

អត្រាចុះឈ្មោះចូលរៀនបឋមសិក្សាសរុប សម្រាប់ក្មេងអាយុប្រាំឆ្នាំបានកើនឡើងពី២៤,៦ភាគរយក្នុងឆ្នាំ២០០៤ ដល់៦១,០៨ភាគរយនៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២០ មាន​១៥ភាគរយនៃប្រជាជនកម្ពុជា (២,៥លាននាក់) គ្មានលទ្ធភាពប្រើប្រាស់ទឹកស្អាត ហើយ២៣ភាគរយ (៣,៨ លាននាក់) អត់មានបង្គន់អនាម័យប្រើប្រាស់ឡើយ។

កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់សំខាន់ៗ ដើម្បីរក្សានិរន្តរភាពកំណើនជួយជនក្រីក្រ ជំរុញសមត្ថភាពប្រកួតប្រជែង ការគ្រប់គ្រងទ្រព្យសម្បត្តិធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់លទ្ធភាពទទួលបានសេវា និងគុណភាពសេវាសាធារណៈ ។ កម្ពុជា​នៅ​តែ​មានការខ្វះខាតខ្លាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​នឹង​អាចទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​តភ្ជាប់បណ្តាញផ្លូវ និង​ការ​វិនិយោគ​កាន់​តែ​ច្រើន លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ទីក្រុង។

ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត នឹងតម្រូវឱ្យមានការជំរុញសហគ្រិនភាព, ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងការកសាងជំនាញថ្មីៗ ដើម្បីដោះស្រាយតម្រូវការ ទីផ្សារការងារថ្មីៗដែលកំពុងលេចឡើង។ ស្ថាប័នសាធារណៈដែលមានគណនេយ្យភាព និងមានលក្ខណៈឆ្លើយតបក៏នឹងមានសារៈសំខាន់ចាំបាច់ផងដែរ។ គុណភាពនៃធនធានមនុស្ស នឹងមានសារៈសំខាន់បំផុត ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបាន នូវគោលដៅប្រកបដោ​យមហិច្ឆិតារបស់ខ្លួន ក្នុងការឡើងដល់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០។ ទិន្នន័យថ្មី​បំផុត: 29 មីនា 2022៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here