សហភាពអឺរ៉ុបប្រកាន់គោលនយោបាយចិនតែ១ ស្របពេលោកវ៉ាង យី   ជម្រុញឲ្យសហភាពអឺរ៉ុបបន្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយៈ លាងហួរ

អឺរ៉ុប: លោក វ៉ាងយី និង លោកJosep Borrel បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំG20ស្តីពី ការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្លុកដ៏ធំរបស់អឺរ៉ុប និងចិន។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) គឺជាកម្លាំងដ៏សំខាន់ពីរ នៅក្នុងពិភពលោកពហុប៉ូល ហើយភាគីទាំង២គួរតែរក្សាការតំរង់ទិសជាមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់EU ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសG20 ដែលធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោក វ៉ាងយី បានមាសប្រសាសន៍ថា ភាគីទាំងពីរគួរតែរក្សានូវសន្ទុះវិជ្ជមាននៃការសន្ទនា និងការទំនាក់ទំនង និងស្វែងរកហេតុផលរួម។

លោកវ៉ាង យី បានមានប្រសាសន៍ថា ប្រទេសចិន និងសហភាពអឺរ៉ុបគួរតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ និងប្រឆាំ​ងរាល់ទង្វើដែលបំផ្លិចបំផ្លាញ និងបំពានច្បាប់សេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វ៉ាង យី បានកត់សម្គាល់ថា ភាគីទាំងសងខាងគួរតែបដិសេធ ការញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុក និងការប៉ុនប៉ងបង្កស   ង្គ្រាមត្រជាក់ថ្មីមួយ។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយភាគី EU ដើម្បីលើកកម្ពស់ប្រព័ន្ធអន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដែលឈរលើច្បាប់អន្តរជាតិ។

ចំណែកលោក Borrell បានមានប្រសាសន៍ថា EU ជឿជាក់ថា ភាគីទាំងពីរ ចែករំលែកផលប្រយោជន៍រួមច្រើនជាងភាពខុសគ្នា ហើយEUមានឆន្ទៈ ក្នុងការបន្តគោលនយោបាយចិនតែមួយ និងធ្វើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ បន្ថែមទៀតជាមួយប្រទេសចិន។

សហភាពអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់អវិជ្ជ​មាននៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយសង្ឃឹមថា ប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបានសន្តិភាព។

ទាក់ទងបញ្ហាស្តីពីវិបត្តិអ៊ុយក្រែន លោក វ៉ាងយី បានបញ្ជាក់ថា ភាគីពាក់ព័ន្ធគួរតែគិតគូរយ៉ាងហ្មត់ចត់ លើមូលហេតុឫសគល់នៃជម្លោះ ដោះស្រាយកង្វល់ ស្របទៅតាមច្បាប់របស់គ្រប់ភាគី និងលុបបំបាត់ជាមូលដ្ឋាន គ្រោះថ្នាក់ដែលអាចកើតមាននៃសង្រ្គាម។

លោក វ៉ាង យី បានបន្ថែមថា សំណើរបស់ចិនបានពន្យល់យ៉ាងច្បាស់ពីជំហររបស់ខ្លួនលើវិបត្តិអ៊ុយក្រែន ដែលនឹងបម្រើជាមគ្គុទ្ទេសក៍សំខាន់សម្រាប់ការធានាសន្តិភាព និងសន្តិសុខយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here