សេដ្ឋកិច្ចប្រទេសថៃរំពឹងនឹងហក់ឡើងវិញ៣,៧ភាគរយក្នុងឆ្នាំ២០២៣

ដោយ៖ លាងហួរ

បាងកក៖ ទីភ្នាក់ងារផែនការរដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថា នឹងមានកំណើន៣ភាគរយនៅឆ្នាំ២០២២ ហើយនឹងកើនឡើង៣,៧ភាគរយ នៅឆ្នាំ២០២៣។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២២នេះ។

កំណើនសេដ្ឋកិច្ចនេះរំពឹងជំរុញដោយការនាំចេញ ការកើនឡើងតម្រូវការក្នុងស្រុក និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ បានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា ការនាំចេញ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចប្រទេសថៃ នៅតែមានសន្ទុះខ្លាំង បើទោះជាមានផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ចក៏ដោយ។

លោកថា បញ្ហារុស្ស៊ី-អ៊ុយក្រែន គឺជាហានិភ័យមួយ សម្រាប់សេដ្ឋកិច្ចពិភពលោកប៉ុន្តែ វាក៏ជាឱកាសល្អមួយ សម្រាប់ប្រទេសថៃ ក្នុងការនាំចេញស្បៀងអាហារ។

លោកបន្តថា កំណើនសេដ្ឋកិច្ចប្រទេសថៃ ក៏នឹងត្រូវបានជំរុញដោយវិស័យទេសចរណ៍ មួយផ្នែកធំផងដែរ។ គេរំពឹងថានឹងមានភ្ញៀវទេសចរបរទេស ពី៧លានទៅ១០លាននាក់ នៅឆ្នាំ២០២២នេះ បើធៀបនឹងភ្ញៀវទេសចរបរទេសប្រហែល៤២៨.០០០នាក់កាលពីឆ្នាំមុន និងជិត៤០លាននាក់ នៅមុនមានជំងឺរាតត្បាតក្នុងឆ្នាំ២០១៩។

លោក Danucha បានបន្តថា ទោះបីជាអតិផរណាក្នុងប្រទេសថៃហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១៤ឆ្នាំ ក្នុងកម្រិត ៧,១ភាគរយក្នុងខែឧសភាក៏ដោយ ការគ្រប់គ្រងតម្លៃទំនិញរបស់រដ្ឋាភិបាលលើទំនិញសំខាន់ៗ និងវិធានការផ្សេងៗ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងបានជួយឱ្យតម្លៃទាំងនេះមានការធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here