លោកស្រីជា សិរី៖ កំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងទម្រង់ជាអក្សរ V

ដោយ៖ សុផារី

ភ្នំពេញៈ ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន៣ភាគរយ នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១ភាគរយ ក្នុងឆ្នាំ២០២០។

នេះ​បើ​យោង​តាមកាលើកឡើងរបស់លោកស្រី ជា សិរី ឧបការី និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ឱកាស​នៃ​សិក្ខាសាលា​ស្តីពី ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ២០២១ ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី ជា សិរី បានបញ្ជាក់ថា សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​ពិភព​លោក​ក្នុង​ឆ្នាំ២០២១ បាន​បន្ត​ងើប​ឡើង​បើ ​ទោះ​ជា​ប្រឈម​នឹង​ការ​លេច​ឡើង​នូវ​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ និង​ការ​កើន​ឡើង​នៃ​អត្រា​អ្នក​ឆ្លង​ក៏​ដោយ។ ប៉ុន្តែ​ ការ​ងើប​ឡើង​វិញ​នេះ មាន​ភាព​ខុស​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ និង​នៅ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ។

លោកស្រីបន្ត​ថា ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង៨ខែ ខ្ពស់ជាងកម្រិតអប្បបរមា៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីអះអាងថា ​ភាព​អំណោយ​ផល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក គួប​ផ្សំ​នឹង​ជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ទូទាំង​ប្រទេស ​បាន​ជំរុញ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ទម្រង់​ជា​អក្សរ V ជាមួយ​នឹង​អត្រា​កំណើន៣ភាគរយ ​នៅ​ឆ្នាំ២០២១ បន្ទាប់​ពី​បាន​ធ្លាក់ចុះ -៣,១ភាគរយ ក្នុង​ឆ្នាំ២០២០។

លោក​ស្រី​បន្ត​ថា កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​នាំចេញ​សម្លៀក​បំពាក់ ផលិតផល​កសិកម្ម និង​ផលិតផល​កម្មន្តសាល​មិន​មែន​កាត់​ដេរ ​ក៏​ដូចជា​ពាណិជ្ជកម្ម​លក់ដុំ និង​រាយ។

លោកស្រី​បន្ត​ទៀត​ថា ជា​លទ្ធផល​ប្រព័ន្ធ​ធនាគារ​បន្ត​មាន​ភាព​រឹងមាំ និង​អាច​ផ្តល់​ឥណទាន​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច។ ក្នុង​អំឡុង​ឆ្នាំ២០២១ ទ្រព្យសកម្ម និង​ប្រាក់​បញ្ញើ​នៃ​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើង១៨ភាគរយ និង១៧,៧ភាគរយ​រៀង​គ្នា ហើយ​ឥណទាន​បាន​កើន​ឡើង២៣,៥ ភាគរយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ គុណភាព​ទ្រព្យ​សកម្ម​នៅ​បន្ត​មាន​ភាព​ល្អ​ប្រសើរ ជាមួយ​នឹង​សន្ទនីយភាព​មាន​កម្រិត​ខ្ពស់​ជាង​ការ​កំណត់​របស់​បទប្បញ្ញត្តិ ខណៈ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ បន្ត​រក្សា​បាន​នូវ​ភាព​គ្រប់គ្រាន់​នៃ​កម្រិត​ដើម​ទុន ស្រប​តាម​បទប្បញ្ញត្តិ។ ជាមួយ​គ្នា​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​រក្សា​លក្ខខណ្ឌ​រូបិយវត្ថុ​សមស្រប ដើម្បី​ជំរុញ​លំហូរ​ឥណទាន​ឱ្យ​បន្ត​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ព្រមទាំង​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដើម្បី​សម្រាល​បន្ទុក​ដល់​ក្រុមហ៊ុន​សហគ្រាស និង​អង្គភាព​គ្រួសារ។

លោកស្រី​បាន​បញ្ជាក់​ថា “ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ តាមរយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន រូបិយវត្ថុ និង​សារពើពន្ធ ប្រកប​ដោយ​ប្រសិទ្ធភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here