រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍រៀបចំផែនការសេដ្ឋកិច្ចបង្ការទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនាពេលអនាគត

ដោយៈគង់ ម៉ាលីនណា

 ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីរកវិធីបង្ការពីហានិភ័យនានា ដើម្បីជម្រុញការស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលមធ្យមខាងមុខ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ រួមមាន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីពិគ្រោះយោបល់ស៊ីជម្រៅ និងប្រមូលធាតុចូលពីដៃគូអភិវឌ្ឍន៍ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន២ រួមមាន ទី១ ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា និងទី២ ហានិភ័យម៉ាក្រូសេដ្ឋកិច្ចចម្បងៗ និងការឆ្លើយតបជាគោលនយោបាយ (Policy Response)។

លោកវង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចពិភាក្សានាពេលនេះ មានគោលបំណងពិភាក្សា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍របស់កម្ពុជា លើការវាយតម្លៃអំពីបរិការ និងស្ថានភាពសេដ្ឋកិច្ច នៅលើសាកលលោ​ក ក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការរស់នៅតាមលំនាំប្រក្រតីភាពថ្មី ក្រោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានថមថយទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការវាយតម្លៃនេះ ជាការគិតគូរទុកជាមុន ដោយមិនអាចបង្អង់ដៃបានឡើយ ដើម្បីត្រៀមខ្លួនរៀបចំដាក់ចេញ នូវគោលនយោបា​យ និងវិធានការណ៍ឆ្លើយតបចាំបាច់នានា សម្រាប់ការងើបឡើងវិញនៃសេដ្ឋ​កិច្ចកម្ពុជា ក្រោយបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩”។លោកបន្តថា កិច្ចប្រជុំក៏ជាវិធីរកដំណោះស្រាយ ដើម្បីទប់ទល់ និងដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានាផងដែរ ដោយឈរលើគោលការណ៍ត្រៀមខ្លួនឱ្យបានល្អបំផុតដើម្បីធានាឱ្យកម្ពុជា អាចឆ្លងដល់ត្រើយ ដោយសុវត្ថិភាព នៅក្នុងរយៈពេលមធ្យមខាងមុខ”។

លោករដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា នៅចំពោះមុខនេះ កម្ពុជាត្រូវផ្តោតជាសំខាន់ លើចំណុចខ្លាំងរបស់ខ្លួន ពោលគឺការពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ក្នុងនោះមានវិស័យកម្មន្តសាល ដែលជាវិស័យប្រកប ដោយសក្តានុពលខ្ពស់ ស្របនឹងនិន្នាការដែលមានការបង្វែរទិសដៅវិនិយោគលើមូលដ្ឋានផលិតកម្ម ចេញពីប្រទេសជិតខាងក្នុងតំបន់។

ទន្ទឹមនេះវិស័យកសិកម្ម ក៏នៅតែជាវិស័យយុទ្ធសាស្ត្រដ៏សំខាន់សម្រា​ប់ជំរុញកំណើន ក៏ដូចជា ការការពារសន្តិសុខស្បៀង ដែលអាចនឹងក្លាយជាបញ្ហាប្រឈមរបស់សាកលលោកនាពេលខាងមុខ។ ការរៀបចំ និងត្រៀមខ្លួន ក្នុងវិស័យទេសចរ ស្របទៅតាមការងើបឡើងវិញ និងនិន្នាការនៃវិស័យនេះ ក៏ត្រូវកំណត់អាទិភាព និងប្រើប្រាស់ធនធាន ឱ្យបានសមស្របផងដែរ។

លោកវង្សី វិស្សុតបានបន្តថា “ការទាក់ទាញវិនិយោគថ្មីៗ ដែលអាចជាចន្ទល់ឬកំលាំងបន្ថែមថ្មី នៃការអូសកំណើនសេដ្ឋកិច្ច ក្នុងបរិការថ្មីនេះគីជាការចាំបាច់មិនអាចខ្វះបាន”។

ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ ពិសេសដើម្បីលុបបំបាត់របាំងសេដ្ឋកិច្ចនានា នៅក្នុងខ្សែច្រវាក់ផលិត​កម្ម រួមមាន ឡូសជីស្ទីក ថ្លៃថាមពលអគ្គិសនី និងការអភិវឌ្ឍធនធានមនុស្សនិងជំនាញបច្ចេកទេស រួមទាំងក្របខណ្ឌច្បាប់គតិយុត្តិ ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការរីកលូតលាស់នៃវិស័យឯកជន និងការវិនិយោគ ពិសេសវិស័យSMEs ដែលជាក្បាលម៉ាស៊ីន អូសកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានចីរភាព និងឱ្យកាន់តែមានសន្ទុះលឿនថែមទៀត នៅពេលខាងមុខ។

លោកវង្ស៊ី វិស្សុតបានបន្តថា ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់នឹងវិបត្តិ កម្ពុជាចាំបាច់ត្រូវមានស្ថាប័នរដ្ឋ ដែលខ្លាំងពូកែ វៃឆ្លាត និងស្អាតស្អំ សម្រាប់ដឹកនាំការងារកែទម្រង់ស៊ីជម្រៅនៅគ្រប់ការដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

តំណាងដៃគូអភិវឌ្ឍន៍បានគូសបញ្ជាក់ថា សេដ្ឋកិច្ចសកលបានចាប់ ផ្តើមងើបឡើងវិញក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២០ និងត្រូវបានវាយតម្លៃថា សម្រេចបានកំណើនប្រមាណ៥,៩% ក្នុងឆ្នាំ២០២១ ដោយសារការដាក់ចេញនូវគោលនយោបាយគាំទ្រ ជាបន្តបន្ទា​ប់ និងការបន្តចាក់វ៉ាក់សាំងទាំងក្នុងកម្រិតសកល តំបន់ និងប្រទេស សំដៅកាត់បន្ថយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្ដី សន្ទុះ និងគម្លាតនៃការស្ដារសេដ្ឋកិច្ច ឡើងវិញឱ្យត្រឡប់ទៅរកកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ រវាងសេដ្ឋកិច្ចក្រុមប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្រុមប្រទេសកំពុងអភិវឌ្ឍ នៅតែជាបញ្ហាប្រឈមដែលគួរបន្តយកចិត្តទុកដាក់។

សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រមាណ៤,៤% ទាបជាងការរំពឹងទុក នៅក្នុងបរិបទនៃការលេចឡើងនូវរលក នៃការឆ្លងបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មីOmicron ការបង្អាក់កាន់តែធ្ងន់ធ្ងរ នៃច្រវ៉ាក់ផ្គត់ផ្គង់ជាសកល ការដកចេញជាបណ្តើរៗ នៃគោលនយោបាយគាំទ្រ របស់ប្រទេសអភិវឌ្ឍន៍ សំពាធអតិផរណាដែលកើនឡើងលឿនជាងការរំពឹងទុក និងកំណើនយឺតនៃតម្រូវការក្នុងស្រុករបស់ប្រទេសចិន ដោយសារវិធានការតឹងរឹងរបស់ចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here