រដ្ឋាភិបាលដាក់ចេញនូវគោលដៅធំៗចំនួន៥ដើម្បីស្វាគមន៍ស៊ីហ្គេមឆ្នាំ២០២៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍​លោក​ ថោង​ ខុន​ បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​វប្ប​ធម៌ បរិស្ថាន​និង​អប់រំ​កីឡា ​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​នា​ការ​ទាំង៥ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

យុទ្ឋនាការទាំងនោះ ​រួមមាន ​យុទ្ធនាកា​រកីឡា​រស់ក្នុង​សន្ដិ​ភាព​,ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ក្នុង​មួយ​ជីវិត​, កម្ពុជា​ស្អាត​បដិសណ្ឋារ​កិច្ច​ល្អ​, កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រឿង​ញៀន​នៅ​តាម​គោល​ដៅ​ធំៗ។

មានប្រសាសន៍នៅ​ក្នុង​កិច្ច​ប្រជុំ​ ប្រចាំ​សប្ដាហ៍​របស់​គណៈ​អចិន្ដ្រៃយ៍ ​CAMSO​C ស្ដីពី​ការ​ត្រួត​ពិនិត្យ​ការងារ​ ព្រម​ទាំង​កំណត់​ផែនការ​សកម្ម​ភាព​ការងារ​ និង​ទិសដៅ​​អនុវត្ត​ការងារ​បន្ដ​របស់​គណៈ​កម្ម​ការ​វប្ប​ធម៌ បរិស្ថាន និង​អប់រំ​កីឡា នៅ​ទីស្នាក់​ការ​ NOCC កាលពីសប្តាហ៍មុន ​លោក ​ថោ​ង ខុន ​អនុ​ប្រធានអចិ​ន្ត្រៃ​យ៍ CAMSOC​ បាន​ជំរុញ​ឱ្យ​គណៈ​កម្ម​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​នេះ ​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ នៅ​តាម​គោល​ដៅ​ធំៗ​ ជា​ពិសេស​នៅ​រាជ​ធានី​ភ្នំពេញ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ​តុប ​សុភ័ក ​ប្រធាន​គណៈ​កម្មការ​វប្ប​ធម៌ ​បរិស្ថាន ​និង​អប់រំ​កីឡា ​បាន​ថ្លែង​ នៅក្រោ​យ​កិច្ច​ប្រជុំ​នោះ​ថា​ លោក​រដ្ឋមន្ត្រី ​ថោង ខុន បាន​ដឹក​នាំ​ការ​រៀប​ចំ​ការងារ​រប​ស់​គណៈ​កម្មការ​វប្បធម៌ ​បរិស្ថាន និ​ង​អប់រំ​កីឡា​ដោយ​ផ្តោត​លើ​យុទ្ធ​នា​ការ​កីឡា​រស់​ក្នុង​សន្ដិ​ភាព​ ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ក្នុង​មួយ​ជីវិត​ កម្ពុជា​ស្អាត​បដិ​សណ្ឋារ​កិច្ច​ល្អ​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ និង​កាត់​បន្ថយ​គ្រឿង​ញៀន​ ដែល​ចំណុច​ទាំង​អស់​ហ្នឹង ​យើង​ត្រូវ​បញ្ជ្រាប​ព័ត៌​មាន ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ឱ្យ​គាត់​បាន​យល់​ដឹង​អំពី​ការរៀប​ចំ​ព្រឹត្តិកា​រណ៍​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣។

លោក​បាន​បន្ដ​ថា​ ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ត្រូវ​ចូល​រួម​នូវ​យុទ្ធនា​ការ​ប្រជាជន​ម្នាក់​លេង​កីឡា​ ១ ​ប្រភេទ ​កម្ពុជា​ស្អាត ​កម្ពុជា​បៃ​តង គឺ​មាន​ន័យ​ថា ពួក​គាត់​ត្រូវ​ចូល​រួម​រៀបចំ​អនា​ម័យ​បរិស្ថាន ​ជាពិសេស​ផ្ទះ​សម្តែង​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ល្អ​ ដើម្បី​ត្រៀម​ទទួល​បដិ​សណ្ឋារ​កិច្ច​ ទាំង​ការ​រៀប​ចំ​ម្ហូប​អាហារ​ ការ​បណ្តុះ​បណ្តាល​សេវា​កម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោក​បាន​បញ្ជាក់​ថា ជា​មួយ​គ្នានេះ​ យើង​ត្រូវ​អប់រំ​ប្រជា​ពលរដ្ឋ​ផង​ដែ​រពាក់​ព័ន្ធ ​ទៅ​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ការ​កាត់​បន្ថយ​គ្រឿង​ញៀន ​ដោយ​យើង​ត្រូវ​រួម​ចំណែក ​ក្នុង​ការ​ផ្សព្វ​ផ្សាយទៅ​លើ​ការងារ​ទាំង​នេះ​​។​

សម្រាប់​ការ​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​នា​ការ​កីឡា ​ទាំង៥​នេះ ​CAMSOC ដោយ​មាន​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់ ជា​ប្រធាន​ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ខេត្ត​សៀម​រាប ព្រះ​សីហនុ ​កំពត ​និង​កែប ជា​ពិសេស​រាជ​ធានី​ភ្នំពេញ ​ដែល​ជា​កន្លែង​រៀប​ចំ​ព្រឹត្តិ​កា​រណ៍ ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ធំ​ជាង​គេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here