កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់កើនឡើង ៥៦០ភាគរយក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។

នេះបើតាមលោក ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថា “ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សម្រាប់ខេត្តសៀមរាប រយៈពេល៧ខែដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង១.២៤២.៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១.១៥៩.០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣.៨៥៤នាក់ កើនឡើង១៣៥២%។

លោក ថោង ខុន បានបន្តថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here