រដ្ឋមន្ត្រីទេសចរណ៍ជម្រុញឲ្យស្ថាប័នរដ្ឋនិងឯកជនបណ្តុះបណ្តាលជំនាញលើវិស័យទេសចរណ៍ឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បំផុសឱ្យស្ថាប័នរដ្ឋ-ឯកជនផ្ដល់ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពអ្នកជំនាញទេស​ចរណ៍ឡើងវិញ ក្នុងពេលងើបពីវិបត្តិកូវីដនេះ។

ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញនេះ មូលដ្ឋានអាជី​វកម្មទេសចរណ៍ ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស ដែលបញ្ចប់ការសិក្សានៅសា​លាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថោង ខុន ក៏បានជំរុញដល់អ្នកជំនាញ ទេសចរណ៍ទាំងឡាយ មុនចូលធ្វើការនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ឡើងវិញ គប្បីឆ្លងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឡើងវិញជាមុនសិន ខណៈអ្នកខ្លះបានផ្អាកការងារមួយរយៈ ដោយសារការផ្អាកឬបិទទ្វារមូលដ្ឋានអាជីវកម្មកាលពីវិបត្តិជំងឺកូវីដ២ឆ្នាំកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុនបានរំលឹកថា ការផ្អាកអាជីវកម្ម និងការងារដែលប ណ្តាលមកពីវិបត្តិកូវីដនេះ បានធ្វើឱ្យខាតបង់នូវជំនាញ និងទេពកោសល្យក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។ អ្នកជំនាញមួយចំនួនបានប្តូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្តើមឡើងវិញ ប្រឈមនឹងការខ្វះបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។

លោករដ្ឋមន្ត្រីបានជំរុញដល់នាយកដ្ឋានជំនាញ នៃក្រសួងទេសចរ​ណ៍ និងស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្តង់ដាជាតិ និងអាស៊ាន។

លោកថោង ខុន បានស្នើដល់អាជីវកម្ម ក៏ដូចជាយុវជនបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវកំណត់យកបដិសណ្ឋារកិច្ចល្អនេះ ជាគុណតម្លៃស្នូលនៃការផ្តល់សេវា និងបានស្នើឱ្យស្ថាប័នបណ្តុះបណ្តាល និងអាជីវកម្មដាក់ចុះនូវកម្មវិធីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតសម្រាប់ជួយគាំទ្រដល់សិស្សានុសិស្ស ក៏ដូចជាអ្នកបម្រើការងារ។

ម្យ៉ាងវិញទៀត យុវជនគួរចូលរួមវគ្គបណ្តុះបណ្តាល ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ានស្របតាមកម្មវិធីស្តង់ដាច្បាស់លាស់ ដែលបង្ហាត់បង្រៀនដោយគ្រូបង្គោលជាតិ និងអាស៊ានដែលក្រសួងទេសចរណ៍បានទទួលស្គាល់រួចហើយ។

ក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយន្តការគាំទ្រ ក៏ដូចជាការអភិវឌ្ឍជំនាញដល់យុវជនកម្ពុជា ក្នុងវិស័យទេសចរណ៍ តាមរយៈការអនុវត្តយន្តការអាស៊ាន និងជាតិរួមគ្នារួចហើយ។ លើសពីនេះ ក្រសួងក៏បានដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលមួយចំនួន ដូចជា ការបណ្តុះបណ្តាលដំបូង (Initial Training) ការបណ្តាលបណ្តាលបន្ត (Continuing Training) កម្មវិធីសមាហរណកម្មជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម កម្មវិធីសិក្សាជំនាញទេសចរណ៍កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ការបណ្តុះបណ្តាលចល័ត (Mobile Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here