អាជ្ញាធរខេត្តគ្រោងដាក់តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបចូលរួមប្រកួតប្រជែងបរិស្ថានស្អាត

ដោយៈ គង់ ម៉ាលីនណា

សៀមរាបៈ អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ទេសចរណ៍ចំនួន៣​ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសម្រាម ដើម្បីប្រគួតប្រជែងយកជ័យលាភី តំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមានការទាក់ទាញអ្នកទេសចរណ៍ នៅពេលខាងមុខ។

អភិបាលរងខេត្ដសៀមរាប លោកអ៉ឹង គឹមលាងបានថ្លែងក្នុងកិច្ចពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីពេលថ្មីៗនេះថា តំបន់ទេស​ចរណ៍ ដែលត្រូវប្រឡងគ្នាជាតំបន់ទេសចរណ៍ បៃតងស្អាតទាំងនោះរួមមាន នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ដថា អាជ្ញាធរមូលដ្ឋានត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្រប់​គ្រងសំរាម សំណល់រឹង ឲ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រគួតប្រជែងគ្នាយកជ័យលាភី ពីតំបន់ទេសចរ​ណ៍បៃតងបរិស្ថានស្អាត ។ រចនាសម្ព័ន្ធនៃការគ្រប់គ្រង កាកសំណល់នេះ មានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសម្រាម និង ការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុងរយៈពេលមួយខែ។

លោកអ៉ឹង គឹមលាងបានបន្ដថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិត ឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដូចដើររើសសម្រាម ដាក់ទៅក្នុងធុងសំរាមនៅតាមទូកទេសចរណ៍ និងដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ។​ ជាមួយគ្នានេះ ការគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍បឹងទន្លេសាបនោះ បានល្អប្រសើរ នឹងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។

លោកក៏ បានជម្រុញឲ្យអាជ្ញាធរ​ និងថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍ យកចិត្ដទុកដាក់ ពីការថែរក្សាបរិស្ថានប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ ។

លោកអ៉ឹង គឹមលាង ក៏បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍កំពង់ភ្លក់ ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំងបីនៅបឹងទន្លេសាប ។ សហគមន៍ទេសចរណ៍កំពុងភ្លុកមួយនេះ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា​៣២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

លោកបន្តថា នៅទីនេះ មានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជា បឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ ។ ម៉្យាងទៀតនៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅ របស់ប្រ​ជានេសាទក្នុងតំបន់ផងដែរ។ ដូចនេះយើងអាចធ្វើដំណើរដោយជិះទូក ឬ កាណូត ដើម្បីបានទៅមើលព្រៃលិចទឹក មើលផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី និងទស្សនាកន្លែងផ្សេងៗទៀត នៅពេលល្ងាចគយគន់ថ្ងៃលិចនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងទន្លេសាបទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here