កម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៃប្រទេសទាំង១៥នៅអាស៉ីជាប់ឈ្មោះជាគោលដៅទេសចរណ៍មានតម្លៃសមរម្យបំផុត

ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញៈ ទ្វីបអាស៉ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ី ដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីប
អឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។

ប្រសិនបើភ្ញៀវទេសចរអន្តរជាតិ ចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួ​យនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសច​រណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា។

ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អមួយ នៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរ អាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ នៅរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនា នៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានអង្គរទាំងមូល ដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាក៏មានភាពសម្បូរបែបផងដែរ ជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោត ដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគម នៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។

ភ្ញៀវទេសចរក៏អាចទៅទស្សនា ទេសភាពបឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេមួយនៅអាស៉ី ក្នុងនោះមានច្រកទៅទស្សនា តាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។

នៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌- អរិយធម៌ ដ៏ចំណាស់មួយនៅអាស៉ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរអាចរីករាយ ក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត។

ប្រទេសទាំង១៥រួមមាន៖
១. កាហ្សាក់ស្ថាន (Kazakhstan)
២. អាមេនី (Armenia)
៣. កម្ពុជា (Cambodia)
៤. ម៉ាឡេស៊ី (Malaysia)
៥. ឥណ្ឌូណេស៊ី (Indonesia)
៦. ថៃ (Thailand)
៧. ម៉ុងហ្គោលី (Mongolia)
៨. ប៉ាគីស្ថាន (Pakistan)
៩. នេប៉ាល់ (Nepal)
១០. បង់ក្លាដែស (Bangladesh)
១១. ឡាវ (Laos)
១២. ហ្វីលីពីន (Philippines)
១៣. មីយ៉ាន់ម៉ា (Myanmar)
១៤. វៀតណាម (Vietnam)
១៥. ឥណ្ឌា (India)៕

LEAVE A REPLY

Please enter your comment!
Please enter your name here