រដ្ឋាភិបាលដាក់ចេញផែនការនិងសកម្មភាពគន្លឹះសំខាន់ៗដើម្បីទាក់ទាញកំណើនទេសចរណ៍មកកាន់ខេត្តសៀមរាប

ដោយៈ គង់ សូរិយា

       សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ។

ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃទី១ សីហាកន្លងមកនេះ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូZoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលក៏បានអនុម័តនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” រួចមកហើយ ជាមួយគ្នាក៏បានសម្រេចគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

នៅថ្ងៃនេះដែរ ក៏មានការប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ លោកថោង ខុន បានជម្រាបជូនអង្គប្រជុំ អំពីយន្តការការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) សំដៅទ្រទ្រង់ការអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានដូចខាងក្រោម៖

ទី១. គណៈប្រតិបត្តិជាសេនាធិការប្រចាំការ ដើម្បីដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រធាន គ.អ.ទ.ស. ពិសេសដឹកនាំនិងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនៃផែនការមេ។

ទី២. អនុគណៈកម្មការចំនួន៥ រួមមាន៖

* អនុគណៈកម្មការអភិវឌ្ឍន៍ផលិតផលទេសចរណ៍

* អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍

* អនុគណៈកម្មការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍

* អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន

* អនុគណៈកម្មការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់។

ទី៣. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖

* តំបន់ឧទ្យានជាតិភ្នំគូលែន

* តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី

* តំបន់បេតិកភណ្ឌអង្គរ

* តំបន់ក្រុងសៀមរាប

* តំបន់បឹងទន្លេសាប

* តំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. លេខាធិការដ្ឋាន ដើម្បីសម្របសម្រួលអនុវត្តរាល់សកម្មភាពការងារប្រចាំថ្ងៃរបស់ គ.អ.ទ.ស.។

លោករដ្ឋមន្ត្រីបានជម្រាបអំពីទិសដៅ​ សម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។

ជាមួយគ្នានោះ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានគាំទ្រការរៀបចំ នូវយន្តការអនុវត្តការងារចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងបានប្រកាសជាផ្លូវការនូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវបានតែងតាំង ដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here