ប្រទេសកម្ពុជានិងថៃរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពឆ្លងកាត់ព្រំដែនដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេស

ដោយ៖ សុផារី

កោះកុង៖ រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្ត​ត្រាត​ និងក្រសួងទេសចរណ៍ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំព្រឹត្តិការណ៍ ជិះកង់កម្សាន្តមិត្តភាពកម្ពុជា -ថៃ ឆ្លងកាត់ព្រំដែន កោះកុង-ត្រាត នៅខេត្តកោះកុង។

កម្មវិធីនេះធ្វើឡើងដោយមានអ្នកជិះកង់ចូលរួមសរុបជាង ៦០០នាក់ ក្នុងនោះអ្នកចូលរួមជិះកង់នៅ​ខេត្តកោះកុង ចំនួន១៩២នាក់ និងអ្នកជិះកង់មកពីប្រទេសថៃ មានចំនួនជាង៤២១នាក់ មកពីខេត្តមួយចំនួនរបស់ថៃ រួមមានខេត្តត្រាត ស៊ីសាកេត ឈៀងម៉ៃ ស្រះកែវ កូរ៉ាត់ នគររាជសីមា សុរិន្ទ មហាសារ៉ាខាម អ៊ូប៊ុនថានី។

ជាពិសេស កម្មវិធីនេះមានការចូលរួមពីសំណាក់ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក វីរ៉ាសាក់ កូសុរ៉ាត់ សមាជិកព្រឹទ្ធសភា​ និងជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ លោក ណារ៉ុង ថេបសេនា អភិបាលរងខេត្តត្រាតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី មិថុនា ភូថង បានលើកឡើងថា ការជិះកង់កម្សាន្តរួមគ្នាពេលនេះ មានកីឡាករថៃ និងកម្ពុជាចំនួនប្រមាណ៦០០នាក់ ដែលជាការបង្ហាញឱ្យឃើញ អំពីការរឹតចំណងសម្ព័ន្ធមេត្រីភាព ការពង្រឹងសាមគ្គីភាព ការរួមគ្នាលើកស្ទួយវិស័យកីឡា សុខភាពប្រជាពលរដ្ឋ និងការលើកកម្ពស់វិស័យទេសចរណ៍តាមព្រំដែន។ល។

លោកស្រីបានបន្តថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពកម្ពុជា-ថៃ(កោះកុង-ត្រាត)ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ។ បើយើងក្រលេកទៅមើលនៅអតីតកាល កាលពីឆ្នាំ២០១៣ យើងក៏បានរៀបចំកម្មវិធីជិះកង់លក្ខណៈមិត្តភាពរវាង ខេត្តកោះកុង និងខេត្តត្រាត មានអ្នកចូលរួមរហូតដល់៩៩៩នាក់ ឆ្នាំ២០១៥ មានអ្នកចូលរួមចំនួន៥៥៥នាក់ នៅឆ្នាំ២០១៩ ក៏មានកម្មវិធី CARAVAN TOUR យុទ្ធនាការជិះកង់មិត្តភាព កម្ពុជា ថៃ វៀតណាម ផងដែរ។

បើយោងតាមលោកស្រីអភិបាលខេត្ត ខេត្តកោះកុងក៏បានទទួលនូវព្រឹត្តិការណ៍ដ៏ធំបំផុតមួយទៀតគឺ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់មាត់សមុទ្រកម្ពុជា លើកទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីកីឡាករជាតិ កីឡាករអន្តរជាតិជាច្រើនប្រកបដោយមោទកភាព ភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ព្រឹត្តិការណ៍រៀបចំឡើងក្នុងគោលបំណង​ ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា ថៃ និងផ្សព្វផ្សាយគោលដៅខេត្តកោះកុង ខេត្តត្រាត​ ជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងការទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ១៩ ជាពិសេសដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡា SEA GAMES – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here