កម្ពុជាជំរុញបង្កើនជើងហោះហើរបន្ថែមជាមួយសិង្ហបុរី ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិ

ដោយៈ សុផារី

ភ្នំពេញៈ នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរ មកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ ត្រូវជំរុញបង្កើនការហោះហើរពីបរទេស។

ក្នុងនោះ កម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាស ជាមធ្យោបាយដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ គឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

នៅក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេស​ចរណ៍ ជាមួយលោក Tong Edwin រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរ ជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៊ីហ្គេមមកដល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានលើកឡើងអំពី ការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

លោកទិត ចន្ថា បានលើកឡើងថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ និងសកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។

លោកមានប្រសាសន៍ថា “នៅពេលស៊ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ”។

លោកបានបន្តថា សិង្ហបុរី នឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ”។លោកបន្តថា “កម្ពុជានិងសិង្ហបុរីសង្ឃឹមថានឹងមានការបង្កើន ជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួននិងទាក់ទាញ កំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៊ីហ្គេមមកដល់”។

យោងតាមទិន្នន័យ របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជាមានជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត។

ទោះបីប្រឈមជំងឺកូវីដ១៩ សកម្មភាពជើងហោះហើរទៅ មកកម្ពុជា-សិង្ហបុរីមិនបានបិទទាំងស្រុងនោះទេ គ្រាន់តែកាត់បន្ថយការហោះហើរខ្លះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្អាកនៅខេត្តសៀមរាប។

ក្រសួងទេសចរណ៍ឱ្យដឹងថា ក្រោយពេលអាស៊ានប្រកាសបើកទេស​ចរណ៍ឡើងវិញ ក្រុមហ៊ុនអាកាសចរសិង្ហបុរី ក៏បានចាប់ផ្ដើមហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ និងបានបង្កើនការហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here