លោក ថោង ខុន៖ បញ្ហាអាកាសធាតុធ្វើឱ្យចរន្តទេសចរណ៍ថយចុះ២០ភាគរយនៅចុងសប្ដាហ៍ទី៣ ខែនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចំនួនទេសចរដើរលេងកំសាន្ត នៅចុងសប្ដាហ៍ទី៣ ខែកក្កដានេះ ថយចុះប្រមាណ២០,៧៧% ធៀបនឹងសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុ ដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត។

លោករដ្ឋមន្ត្រីបានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២២៦.៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ២០៤.៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង២១.៩៦០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង៣៦.៥២០នាក់ ខេត្តកំពត២៨.៩៦៤នាក់ ខេត្តព្រះសីហនុ២៨.៥០៤នាក់ ខេត្តសៀមរាប២៧.៥៨៦នាក់ ភ្នំពេញ២០.៨១៦នាក់ ខេត្តកែប ១០.៥៣១នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗសុទ្ធតែ មានថយចុះដូចជា ខេត្តព្រះសីហនុថយចុះប្រមាណ៤៨,០៧% ខេត្តកែបថយចុះប្រមាណ៤១,៧២% និងខេត្តសៀមរាបថយចុះប្រមាណ៣៨,០៦%។

មូលហេតុសំខាន់នាំឲ្យការថយនៃចំនួនភ្ញៀវទេសចរ នាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ផ្លូវជាតិលេខ៥៥)ជាដើម។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា នាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here