រាជរដ្ឋាភិបាលបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែ VAT ចំពោះអាជីវកម្មទេសចរណ៍រយៈពេល៣ខែទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំអំពីវិធានការបន្ថែមសម្រាប់បន្ដគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែ VAT ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសេចក្ដីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។

សេចក្ដីណែនាំបានបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបន្តគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងក៏ដោយ បញ្ហាមួយចំនួនដូចជា ការបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើង នៃអត្រាអតិផរណាជាសកល នៅតែជាសម្ពាធដល់ការកើនឡើងវិញ នៃភ្ញៀវទេសចរដែលនាំឲ្យប្រតិបត្តិករជាច្រើន នៅក្នុងវិស័យទេសចរណ៍នៅបន្តជួបប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងការដាក់ចេញនូវវិធានការ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលយល់ឃើញពីភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់ ព្រមទាំងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖

ទី១៖ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។

ទី២៖ បន្តផ្ដល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។

ទី៣៖ ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here