កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិដល់ទៅ៣៩៤ភាគរយក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សុខុម

ភ្នំពេញ: ក្រសួងទេសចរណ៍ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៥១០.០០០នាក់ក្នុងឆមាសទី១ឆ្នាំនេះ កើនឡើងរហូតដល់ទៅ៣៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងនេះបានចេញសេចក្តីប្រកាសព័ត៌មានថា អំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ប្រទេសវៀតណាម ក្បែរខាងរបស់កម្ពុជា បានឈរនៅលំដាប់កំពូលតារាងនៃប្រទេស ដែលទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនៅក្នុងតំបន់ បន្ទាប់មកគឺប្រទេសថៃ និងប្រទេសចិន។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍បានចាត់ទុកកំណើនយ៉ាងច្រើននេះថា មកពីកម្ពុជាបើកប្រទេសឡើងវិញពេញលេញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ហើយនោះក៏ដោយសារកម្ពុជា មានអត្រាចាក់វ៉ាក់សាំងខ្ពស់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhuarឲ្យដឹងថា “ជាមួយនឹងគោលនយោបាយ មិនតម្រូវឱ្យធ្វើចត្តាឡីស័ករបស់កម្ពុជា យើងជឿជាក់ថា ភ្ញៀវទេសចរនឹងចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ធំសម្រាប់វិស្សមកាលរបស់ពួកគេ”។ លោកបន្តថា “យើងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានចន្លោះពី៨០០.០០០នាក់ ទៅ១លាននាក់នៅក្នុងឆ្នាំ២០២២ទាំងមូល បើធៀបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ២០០.០០០នាក់ក្នុងឆ្នាំ២០២១”។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភដ៏សំខាន់ទាំង៤ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។

យោងតាមក្រសួងទេសច​រណ៍ឱ្យដឹងថា នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ រហូតដល់ទៅ៦,៦លាននាក់ក្នុងឆ្នាំ២០១៩ ដោយផ្ដល់ប្រាក់ចំណូលសរុប ដល់ទៅ៤,៩២ពាន់លានដុល្លារអាមេរិក។

កម្ពុជាបានបន្តបើកដំណើរការ សកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ខ្លួនឡើងវិញទាំងស្រុង និងបើកព្រំដែនឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងគ្រប់ដូស ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១ ក្រោយពីភាគច្រើននៃពលរដ្ឋទាំង១៦លាននាក់បានចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងវីរុសកូវីដ-១៩។

វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជា៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here