អាជ្ញាធរមូលដ្ឋានកសាងផែខ្នាតតូចចំនួន៣ដើម្បីសម្រួលការដឹកជញ្ជូននិងទាក់ទាញទេសចរណ៍នៅតំបន់ជីផាត

ដោយៈ សូរិយា

កោះកុងៈ សម្បុរសជន តាមរយៈអាជ្ញាធរមូលដ្ឋាន បានរួមគ្នាសាងសង់ផែឈើខ្នាតតូចចំនួន ៣ កំពុងសាងសង់ឡើងតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹក ដើម្បីផ្តល់ភាពងាយស្រួលដឹកជញ្ចូន ភោគផលនេសាទ និងវិស័យទេសចរណ៍។

កំពង់ផែ ដែលបានសាងសង់ពីឈើចំនួន៣កន្លែង នៅក្បែរស្ពានអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្ត​កោះកុង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីតំណាងប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទសមុទ្រ និងដឹកជញ្ចូនភ្ញៀវទេសចរ ទៅលេងកម្សាន្តតាមរមណីយដ្ឋាន អេកូទេសចរធម្មជាតិជីផាត់។

តំណាងប្រជាសហគមន៍នេសាទឃុំអណ្តូងទឹក លោក សាត សាខន បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តម្រូវការចង់បានយូរឆ្នាំមកហើយ ផែលើកដាក់ទិន្នផលនេសាទ ចតទូក និងផែទេសចរណ៍ ទើបតែមានពេលនេះ ពួកគាត់បានដូចក្តីបំណងហើយ។ លោករំពឹងថា ផែឈើកំពុងធ្វើនេះ នឹងផ្តល់ផលប្រយោជន៍ ជាសាធារណៈរួមគ្នា សម្រាប់ការដឹកជញ្ចូនក្តាម បង្គារ ត្រី មឹក យកទៅលក់នៅទីផ្សារបានកាន់តែឆាប់រហ័ស ពុំជាការលំបាកដូចពេល​មុនឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក ណូ រីយ៉ា តំណាងខ្មែរឥស្លាមឃុំអណ្តូងទឹក លើកឡើងថា ពួកគាត់សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដែលគិតគូរពីភាពលំបាករបស់ពួកគាត់ ក្នុងនាមជាអ្នកនេសាទ។ ផែនេះនឹងផ្តល់ប្រយោជន៍ ដល់បងប្អូនខ្មែរឥស្លាមប្រមាណ ១០០គ្រួសារ ដែលប្រកបរបរនេសាទសមុទ្រ។ បើគ្មានផែឈើថ្មីទេ ពួកគាត់ ក៏ដូចជាអ្នកនេសាទដ៏ទៃ នៅតែជួបការលំបាកលុយភក់បន្តហើយ។

លោកឃៀង យិង មេឃុំអណ្តូងទឹកបានសម្តែងក្តីរីករាយជំនួសពលរដ្ឋ ដែលទទួលបានផែឈើថ្មី សម្រាប់ដឹកជញ្ចូនផលនេសា ទៅលក់ទៅទីផ្សារបានល្អជាមុន។

លោកជឿជាក់ថា “ជីវភាពរស់នៅពលរដ្ឋ ក្នុងសហគមន៍អភិវឌ្ឍន៍រីកចម្រើន។ ភ្ញៀវទេសចរ ក៏អាចមកលេងកម្សាន្តឡើងវិញផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here