អភិបាលខេត្តកែបគាំទ្រ គំរោងឆ្នេរសមុទ្រកោងកាងដំបូងគេនៅខេត្តកែបដើម្បីជម្រុញទេសចរណ៍និងការអភិវឌ្ឍ

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយខេត្តនេះ នឹងមិនមានការសាងសង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស នានា ដែលធ្វើឲ្យមានផ្សែងបំពុលបរិយាកាសឡើយ។

ខេត្តកែប សព្វថ្ងៃនេះ បាននិងកំពុងចាប់ផ្តើម បង្ហាញសក្តានុពលលើគំរោងអភិវឌ្ឍន៍មួយចំនួន ដូចជា គំរោងសាងសង់ផ្លូវថ្មីតភ្ជាប់ជាមួយឆ្នេរសមុទ្រថ្មីៗ គំរោងអភិវឌ្ឍន៍កោះទន្សាយ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលវិនិយោគដោយក្រុមហ៊ុន Youngsia Real Estate ក្នុងទុនជាង ១០លាន ដុល្លារអាមេរិកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ តំបន់មួយចំនួន នៅខេត្តកែប ក៏បាននិងកំពុងត្រៀមខ្លួន ទទួលស្វាគមន៍ការវិនិយោគថ្មីៗ។ ជាក់ស្តែង គំរោងវិនិយោគឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ទស្សនទានអភិវឌ្ឍន៍បែបថ្មី ជាគំរោងដីលំហែរស្តង់ដាអន្តរជាតិ ដែលធំជាងគេ ជាលើកដំបូងនៅខេត្តកែប។ គំរោងនេះ ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះ “ស” ។

ម្ចាស់គំរោងឆ្នេរសុទ្រកោងកាង លោក Cooler Tan បានមានប្រ​សាសន៍ឲ្យដឹង ក្នុងពិធីបើកសម្ភោធលក់គំរោងខាងលើ កាលពីចុងសប្តាហ៍​មុនថា គំរោងឆ្នេរសមុទ្រកោងកាង មានភាពអំណោយផលពីធម្មជាតិ មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាកទាញ មានដើមកោងកាងខៀវស្រេងាត់ មានទេសភាពស្រែអំបិលដ៏ឆើតឆាយ មានដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលគំរោងនេះ អំណោយផលដល់ការជិះទូកកាយ៉ាក់កំសាន្ត និងអាចស្ទូចត្រីបាន ជាពិសេសមានព្រែកធម្មជាតិ ដែលអាចជិះទូក អូប័រ ទៅលេងសមុទ្រ ផងដែរ។

លោកបន្តថា “គំរោងនេះ បាននិងកំពុងអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់”។ លោកបន្តថា “ឆ្នេរសមុទ្រកោងកាង បាននិងកំពុងពង្រីកសក្តានុពលខេត្តកែប ដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ដែលមានបែងចែកតំបន់ដីលម្ហែ និងអគារអាហារដ្ឋាន ពិសេសជម្រុញខេត្តនេះ ឲ្យកាន់តែទាក់ទាញការវិនិយោគ និងអ្នកទេសចរបន្ថែមទៀត”។

អភិបាលនៃគណអភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋ បានបង្ហាញនូវការគាំទ្រលើគំរោងឆ្នេរមសុទ្រកោងកាងមួយនេះ ដោយបានចាត់ទុកថា គំរោងនេះ និងរួមចំណែកធ្វើឱ្យខេត្តកែប សម្រេចបាននូវគោលបំណងនៃយុទ្ធសាស្រ្តធំៗ ប្រែក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ សម្រាក់លំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់។

អភិបាលខេត្តកែប បានលើកទឹកចិត្ត ឱ្យម្ចាស់គំរោងឆ្នេរសុទ្រកោងកាង អភិវឌ្ឍ និងកែច្នៃគំរោងមួយនេះ ធ្វើយ៉ាងណា ទៅជាទេសចរណ៍ធម្មជាតិ ក្នុងន័យអភិវឌ្ឍរក្សាបាននូវការអភិរក្ស ហើយអភិរក្សគាំទ្រដល់ការអភិវឌ្ឍ ដោយកែច្នៃ តំបន់នេះ ទៅជារមណីយដ្ឋានកម្រិតណាមួយតាមលទ្ធភាព ដែលរក្សាបាននូវធនធានព្រៃលិចទឹក ឬហៅថា ព្រៃកោងកាង មានការជិះទូកកាយ៉ាក់ មានអាហារដ្ឋាន លក់ម្ហូបចំណី ដែលមានគុណភាព និងអនាម័យ តាមស្តង់ដារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here