ប្រទេសថៃរំពឹងទទួលបានទេសចរអន្តរជាតិ ៨លាននាក់ នៅឆ្នាំ២០២២នេះ

ដោយ៖ សុខុម

បាងកក: គណៈកម្មាធិការអចិន្ត្រៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) នៃប្រទេសថៃ បានរក្សាការព្យាករអំពីផលទុនជាតិសរុប (GDP) របស់ខ្លួនឱ្យនៅដដែលសម្រាប់ឆ្នាំ២០២២ ចន្លោះពី២,៥%ទៅ៤% បើទោះបីជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកក្ដី។

លោក Sanan Angubolkul ប្រធាន JSCCIB បានលើកឡើងកាលពីថ្ងៃពុធ ទី០១ ខែមិថុនា ថា “ទោះបីជាប្រទេសថៃ ប្រឈមហានិភ័យនៅឡើយ រួមមាន ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយសារជម្លោះអន្តរជាតិ ទំនិញឡើងថ្លៃមកពីវិបត្តិតម្លៃប្រេងឥន្ធនៈ និងអតិផរណាក្ដី យើងជឿជាក់ថា ប្រទេសថៃ នឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី២,៥%ទៅ៤% ដោយសារការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការនាំចេញកើនឡើង”។

នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា។

លោក Sanan Angubolkul ដែលមានតួនាទីជាប្រធានសភាពាណិជ្ជកម្មថៃផងដែរនោះ បានបន្ថែមទៀតថា ក្តីបារម្ភទូទាំងពិភពលោក អំពីកង្វះស្បៀងអាហារ និងវត្ថុធាតុដើមក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ដោយសារឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្រូវការផលិតផលថៃកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានព្យាករថា វិស័យនាំចេញនឹងសម្រេចបានកំណើន ចន្លោះពី៣%ទៅ៥% ក្នុងឆ្នាំ២០២២នេះ ខណៈអតិផរណាទូទៅត្រូវបានរំពឹងថា នឹងមានចន្លោះពី៣,៥%ទៅ៥,៥%។

ទន្ទឹមនេះ លោកបានព្រមានថា “ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ នៅក្នុងប្រទេសចិន និងជប៉ុន អាចប៉ះពាល់ដល់ការនាំចេញ សម្រាប់ឆ្នាំនេះ ដូចដែលយើងអាចមើលឃើញស្រាប់ ចំពោះការនាំចេញក្នុងខែមេសា ទៅកាន់ប្រទេសទាំងនោះ ដែលទាបជាងតិចតួច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន”។

ទាក់ទិននឹងវិស័យទេសចរណ៍វិញ លោកបានលើកឡើងថា “យើងមើលឃើញថា ចំនួនភ្ញៀវទេសចរបរទេសកំពុងកើនឡើង ចាប់តាំងពីដកចេញនូវវិធានការរឹតបន្តឹងកូវីដ-១៩ ដូចនេះគណៈកម្មាធិការជឿថា ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឈានដល់៨លាននាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here