លោកហូ វណ្ឌីៈការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសច្រើនមកកម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញ និងជាប្រតិបត្តិករជើងចាស់ក្នុងវិស័យទេសច​រណ៍បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា នឹងទទូលបានភ្ញៀវទេសចរច្រើន ជាពិសេសទេសចរអន្តរជាតិ។

ស្របពេលនៃកំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវតែរៀបចំត្រៀមលក្ខណៈទុកជាមុន ទៅលើផ្នែកមួយចំនួន ដូចជា សេវាចំណីអាហារ សេវាដឹកជញ្ជូន សណ្តាប់ធ្នាប់សាធារណៈ និងតំបន់ទេសចរណ៍នានាជាដើម។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ភ្ញៀវទេសចរនឹងកើនឡើងដោយស្វ័យប្រវត្តិ នៅពេលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងគិតថា កីឡាករ គណៈកម្មាការ ជាមួយអ្នកគាំទ្រពួកគាត់ រួមទាំងសាច់ញាត់របស់ពួកគេ យើងឃើញថា រាប់ម៉ឺននាក់ទៅហើយ…មួយវិញទៀត ប្រទេសមួយចំនួនក៏មានហ្វេនក្លឹបរបស់ពួកគាត់ ពីប្រទេសផ្សេងៗ ក៏ចង់មកគាំទ្រដែរ”។ លោកបន្តថា “ទន្ទឹមនឹងនេះ ភ្ញៀវទេសចរនៅតាមបណ្តាប្រទេសនានា ក៏យកឱកាសនេះ នឹងមកលេងកម្ពុជាផងដែរ មិនថាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសលោកខាងលិចជាដើម”។

លោកហូ វណ្ឌី បានបន្តថា អ្វីដែលកម្ពុជាត្រូវត្រៀមខ្លួនគឺ ការលម្អសោភ័ណភាពសាធារណៈ អនាម័យ ការតុបតែងខ្លួន ជាពិសេសសេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យភ្ញៀវទេសចរ បានស្វែងយល់ពីតំបន់មួយទៅតំបន់មួយក្នុងរាជធានីភ្នំពេញ។ លោកថា ប្រសិនបើអាចសេវាជញ្ជូនរបស់រដ្ឋ គួរដឹកដោយមិនគិតថវិកាកាន់តែប្រសើរ ព្រោះដើម្បីទាក់ទាញទឹកចិត្តពួកគេ ឱ្យថ្ងៃក្រោយត្រឡប់មកលេងកម្សាន្តនៅកម្ពុជាទៀត។

ជាមួយគ្នានេះ ត្រូវលក់កញ្ចប់ទស្សនកិច្ច ទៅកាន់គោលដៅនានា ជាពិសេសកញ្ចប់ទស្សនកិច្ច ត្រូវមានការបញ្ចុះតម្លៃ ឬតម្លៃលើកទឹកចិត្ត ជាដើម។ ដោយជំនាញទេសចរណ៍រូបនេះ បានបញ្ជាក់ថា សមាគម និងក្រុមហ៊ុន នឹងពិភាក្សាគ្នា អំពីការបង្កើតកញ្ចប់នេះ ដោយមានការសម្បទានយ៉ាងណា ដល់ភ្ញៀវទេសចរណ៍ ដើម្បីឱ្យពួកគេបានដើរទស្សនាតំបន់នានា បានច្រើនកន្លែង ដូចជា ការទស្សនាទីក្រុង ទីក្រុងវប្បធម៌ និងសេដ្ឋកិច្ច តំបន់វប្បធម៌ប្រវត្តិសាសន៍ខេត្តសៀមរាប និងតំបន់ឆ្នេរខេត្តព្រះសីហនុ ជាដើម។

ទន្ទឹមនឹងការត្រៀមខ្លួននេះ លោក ហូ វណ្ឌី បានផ្តល់ជាទស្សនទានថា កម្ពុជា គួរតែរៀបចំតំបន់ទេសចរណ៍សំខាន់ ដែលអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន ដូចជា តាមតំបន់ដៃទន្លេ តំបន់កោះ តំបន់នៅជុំវិញរាជធានីភ្នំពេញ និងត្រូវបង្កើតឱ្យមានសកម្មភាពផ្សេងៗ ជាពិសេសសកម្មភាពបែបវប្បធម៌ប្រពៃណីរបស់ខ្លួន។

លោកពន្យល់ថា “ជនបរទេសគេអត់ចង់មកមើលអគារខ្ពស់ៗនោះទេ ព្រោះប្រទេសគេមាន៥០-៦០ឆ្នាំហើយ គេមកកម្ពុជាគេចង់ឃើញអ្វីប្លែក ដូចជាប្រពៃណី វប្បធម៌ដូនតា ត្រូវបង្កើតកសិទេសចរណ៍ឱ្យបានច្រើន ភ្ញៀវទេសចរដែលមកពីប្រទេសអភិវឌ្ឍគេសប្បាយចិត្តជាង”។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសា​សន៍ថា សម្រាប់ឆ្នាំក្រោយនេះ យើងបានបង្កកថវិកាចំនួនបួនឆ្នាំហើយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមចំនួន៣០ពាន់លានរៀល ដូច្នេះបួនឆ្នាំ តម្រូវការរបស់យើងគឺ១២០ពាន់លានរៀល ស្មើនឹង៤០លានដុល្លារអាមេរិក ដើម្បីត្រៀមការប្រកួតកីឡាឆ្នាំក្រោយដែលត្រូវចាយលុយ។

សម្តេចបញ្ជាក់ថា “នេះមិនមែនយកលុយ សម្រាប់តែឆ្នាំ២០២៣ទេ នេះជាឆ្នាំទី៣ហើយ ឆ្នាំក្រោយត្រូវដាក់៣០ពាន់លានរៀល បន្ថែមទៀត ដើម្បីបម្រើឱ្យការប្រកួត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here