លោកថោង ខុន រំពឹងទទួលបានកំណើនភ្ញៀវអន្តរជាតិតាមច្រករបៀងភាគខាងត្បូង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានលើកឡើងអំពីការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួ​យប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរណ៍។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។

លោកថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើនឡើង។ លោកបានលើកឡើងនូវចំណុចសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន។

លោកបានបន្តថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការ ជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរ ជាមួយប្រទេសជិត មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះ បើកឱ្យមានការធ្វើដំណើរ សម្រាប់ភ្ញៀវទេសចរឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានថ្លែងថានៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ ពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅ ទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។

ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃ ក៏អាចធ្វើដំណើរមកតាមភាគខាងត្បូង ចូលមកតាមខេត្តកោះកុង បន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។

លោករដ្ឋមន្ត្រីក៏បានរំលឹក អំពីការពង្រឹងគុណភាពសេវា និងតម្លៃឱ្យបានសមរម្យ ព្រមជាមួយនឹងការរៀបចំពង្រឹងសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន តាមតំបន់ឆ្នេរឱ្យយកាន់តែល្អប្រសើរ បង្កើតឱ្យមានផលិតផលទេសច​រណ៍ថ្មី ដ៏ទាក់ទាញឱ្យបានច្រើន។

ប្រទេសកម្ពុជា វៀតណាម និងថៃបានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការ ច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរ ពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here