ប្រទេសជាមាជិកមហាអនុតំបន់មេគង្គ ដាក់ចេញផែនការសកម្មភាព ដើម្បីទទួលទេសចរណ៍ឡើងវិញ

 ដោយៈលក្ខិណា

ភ្នំពេញៈ ដោយមើលឃើញថាស្ថានភាពកូវីដ១៩ នៅតាមបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជា មានការធូរស្រាលឡើងវិញបន្តិចម្ដងៗ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ បានចូលរួមប្រជុំនិងដាក់ចេញនូវផែនការសកម្មភាព ដើម្បីទាក់ទាញនិងទទួលភ្ញៀវទេសចរឡើងវិញ។

លោក សៀង នាគ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យប្រទេសកម្ពុជា បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់ មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ពីខេត្តរតនគិរី ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំមហាអនុតំបន់មេគង្គផ្តោតសំខាន់ទៅលើ ទី១ ស្ថានភាពទេសចរណ៍ ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ សមិ​ទ្ធ​ផល នៃការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងវិបត្តិ ទី៣ ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ  និងទី៤ ការជំរុញការផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី SUVIMOL Thannasarakij នាយិកាប្រតិបត្តិថ្មីរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ បានឱ្យដឹងថា លោកស្រីនឹងបន្តជំរុញអនុវត្តនូវផែនការស្តារ ទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ អនុវត្តផែនការងាររបស់ការិយាល័យ MTCO និងពង្រឹងកិច្ចសហការទេសចរណ៍ ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំនោះដែរ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទាំងអស់បានលើកឡើងផងដែរអំពី  ស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩  ការបើកទទួលទេសចរអន្តរជាតិ ឡើងវិញតាមផ្លូវគោក និងអាកាសដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗតាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះ កម្ពុជាបានលើកឡើងពីការបើកទទួលទេសចរឡើងវិញ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា  និងសេចក្តីប្រកាសស្តីពីការលើកលែងពាក់ម៉ាស់នៅតាមទីសាធារណៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យ និងការបើកប្រទេសឡើងវិញ ក្នុងនោះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រ ដល់ប្រទេសជាសមាជិកមហាអនុតំបន់ ទៅលើគម្រោងចំនួន២ដូចជា ទី១  ការផ្តល់ជំនួយបច្ចេកទេស លើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសសម្រាប់ប្រទេស កម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ  (CLVT) ឬ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងទី២ គម្រោងបង្កើតបណ្តាញទេសចរណ៍ប្របកដោយនិរន្តរភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Sustainable Tourism Hub)។

កម្ពុជាក៏បានលើកពីលទ្ធផល នៃការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here