បិទព្រំដែនជាង២ឆ្នាំ វិស័យទេសចរណ៍ជប៉ុនទទួលរងការខាតបង់រាប់រយពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

តូក្យូ: វាមានរយៈពេលជាង២ឆ្នាំហើយ ចាប់តាំងពីប្រទេសជប៉ុន បិទព្រំដែនរបស់ខ្លួន មិនឱ្យភ្ញៀវទេសចរចូល ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ហើយពេលនេះប្រទេសនេះ កំពុងគណនាពីទំហំនៃការខាតបង់ផ្នែកទេសចរណ៍។

សាស្ត្រាចារ្យមួយរូបមកពីសកលវិទ្យាល័យកាន់សៃ (Kansai University) នៅប្រទេសជប៉ុន បានធ្វើការប៉ាន់ប្រមាណថា ការខាតបង់ ដែលបណ្ដាលមកពីអវត្តមានភ្ញៀវទេសចរបរទេស អាចមានទំហំរហូតដល់ទៅ ១០,៩៦ទ្រីលានយេន (ប្រមាណ១០០ពាន់លានដុល្លារអាមេរិក) គ្រាន់តែក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែឧសភា។

សាស្ត្រាចារ្យដែលមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានលើកឡើងបន្ថែមទៀតថា ការខាតបង់ក្នុងរយៈពេលជាង២ឆ្នាំមកនេះ មានទំហំយ៉ាងតិច២២ទ្រីលានយេន (ប្រមាណ១៧០ពាន់លានដុល្លារអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈដ្ឋានជាច្រើនបានលើកឡើងជាសំណួរថា តើប្រទេសជប៉ុន នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅពេលណា។

ក្រុមទីប្រឹក្សាផ្នែកវិស័យឯកជន កាលពីថ្ងៃទី២៧ ខែមេសា បានជំរុញរដ្ឋាភិបាលរបស់ប្រធានាធិបតី Fumio Kishida បើកព្រំដែនប្រទេសជប៉ុន ឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។

ក្រុមតំណាងអាជីវកម្មបានដាក់សំណើ ជូនក្រុមប្រឹក្សាគោលនយោ​បាយសេដ្ឋកិច្ច និងសារពើពន្ធ (Council of Economic and Fiscal Policy) ដោយលើកឡើងថា “ដើម្បីស្ដារការដាំក្បាលចុះយ៉ាងខ្លាំង នូវចំនួនភ្ញៀវទេសចរបរទេស រដ្ឋាភិបាលគួរតែបន្តឱ្យទេចរចូលឡើងវិញជាដំណាក់កាល”។

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន មិនទាន់បានឆ្លើយតបនឹងសំណើនេះនៅឡើយទេ។ ដូចនេះការបើកព្រំដែនឡើងវិញ នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here