កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាកើនឡើង១២៥ភាគរយ ក្នុងត្រីមាសទី១

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កំណើនភ្ញៀវទេសចរបរទេស ដែលចូលមកកម្ពុជាចាប់ផ្ដើមកើនឡើងវិញហើយ នៅដើមឆ្នាំ២០២២នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកា​សបើកប្រទេស និងបើកទូលាយដល់ទេសចរបរទេសចូលមកកម្ពុជា។

ជាក់ស្ដែងនៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២២នេះ កំណើនភ្ញៀវទេសចរបរទេសចូលមកម្ពុជា កើនឡើងរហូតដល់១២៥ភាគរយ បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កន្លងទៅ ។នេះបើតាមរបាយការណ៍របសក្រសួងទេសចរណ៍កម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ មេសា ២០២២។

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិ ដែលមកដល់កម្ពុជាមានចំនួន ជិត១៦ម៉ឺននាក់ ខណៈត្រីមាសទី១ឆ្នាំមុន ចំនួនភ្ញៀវទេសចរមកដល់កម្ពុជា មានត្រឹមតែ ជាង៧ម៉ឺននាក់ប៉ុណ្ណោះ ហើយបើគិតនៅក្នុងឆ្នាំ២០១៩ គ្រាមុនមានវិបត្តិកូវីដ១៩ ក្នុងមួយត្រីមាសមានភ្ញៀវទេសចរបរទេស ចូលមកកម្ពុជាមានចំនួនដល់ទៅជិត២លាននាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលនេះបង្ហាញទៀតថា សកម្មភាពអ្នកដំណើរមកដល់កម្ពុជា តាមច្រកអាកាសយានដ្ឋាន ក៏មានកំណើនខ្ពស់ឡើងវិញផងដែរ ក្នុងនោះរយៈពេល១ត្រីមាសដើមឆ្នាំនេះ កំណើនភ្ញៀវទេសចរបរទេសមកកម្ពុជាតាមច្រកអាកាសយានដ្ឋានទាំងបី មានចំនួន៨៦.៩៧៦នាក់ កើនឡើងរហូតដល់១៥៩,៤ភាគរយ ធៀបនឹងត្រីមាសទី១ឆ្នាំមុន ដែលមានចំនួនត្រឹមតែ ៣៣.៥៣៥នាក់ប៉ុណ្ណោះ ។

ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំងបីរបស់កម្ពុជាឃើញថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួនភ្ញៀវច្រើនជាងគេ តែអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានកំណើនខ្ពស់ជាង ដែលមានអត្រារហូតដល់ជាង៥១ម៉ឺនភាគរយ។ ជាក់ស្ដែងកាលពីត្រីមាសទី១ឆ្នាំមុនចំនួនភ្ញៀវមកដល់មានតែ២នាក់ ខណៈត្រីមាសទី១ឆ្នាំនេះមានចំនួនភ្ញៀវបរទេសមកដល់ជាង១ម៉ឺននាក់ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកបណ្ឌិតថោង ខុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពទេសចរណ៍របស់កម្ពុជាចាប់ផ្ដើមមានកំណើនឡើងវិញហើយ ក្នុងនោះភ្ញៀវទេសចរណ៍ក្នុងស្រុកក៏មានសកម្មភាពខ្លាំង ជាពិសេសកាលពីអំឡុងចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋកម្ពុជាចេញធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ប្រមាណជាង៥លាននាក់ ដែលធ្វើឱ្យតម្រូវការសេវាកម្មទេសចរណ៍បានកម្រើកឡើងវិញ ។

យ៉ាងណាក្ដីអ្នកជំនាញទេសចរណ៍លោកហូ វណ្ឌីទីប្រឹក្សា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញការព្រួយបារម្ភ ចំពោះកង្វះធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយសារតែក្នុងវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងទៅ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ បានប្តូរទៅបម្រើការងារក្នុងវិស័យផ្សេង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមានអ្នកខ្លះទៀតចេញទៅរកស៊ីដោយខ្លួនឯងលើវិស័យផ្សេងៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here