រដ្ឋមន្រ្តីសេដ្ឋកិច្ចៈផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នឹងក្លាយជាគោលដៅធ្វើពិពិធកម្មទេសចរណ៍កម្ពុជា

   ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ២០២១-២០៣៥នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគីរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្ម ទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍, ទេសចរណ៍ធម្មជាតិ និងកសិកម្ម។

លោកបានមានប្រសាសន៍ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ២០២១-២០៣៥នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគីរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដ ដោយមានខេត្តមណ្ឌលគីរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា

អគ្គបណ្ឌិតសភាចារ្យបានបន្ដថា ការកំណត់តំបន់អាទិភាពសំខាន់ៗ ដែលត្រូវរក្សាទុក សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងផែនការមេនេះ នឹងជំរុញឲ្យខេត្តមណ្ឌលគីរី ប្រើប្រាស់ឲ្យអស់លទ្ធភាព នូវសក្ដានុពលដ៏សម្បូរបែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍ បែបធម្មជាតិ និងអភិវឌ្ឍនជនជាតិដើមភាគតិច និងការផ្សារភ្ជាប់ជាមួយពហុវិស័យដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គបណ្ឌិតបញ្ជាក់ថា “ខេត្តមណ្ឌលគីរី មានសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍន៍កសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំឧស្សាហកម្មនានាដូចជា ដំណាំកាហ្វេជាដើម

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ភាពជោគជ័យនឹងបោះជំហានទៅមុខ អាស្រ័យលើការចូលរួម កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ស៊ីជម្រៅ និងការទទួលខុសត្រូវ គ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាពជាដៃគូរវាងរដ្ឋ ពលរដ្ឋ និងឯកជន ព្រមទាំងការចូលរួមពីដៃគូរអភិវឌ្ឍន៍ផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here