ក្រសួងចេញសេចក្តីណែនាំ៦ចំណុច ដល់មន្ទីរទេសចរណ៍អនុវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្ត សម្រាប់ភ្ញៀវទេសចរកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានចេញសារចរណេនាំចំនួន៦ចំណុច ដល់មន្ទីរទេសចរណ៍ទូទាំង២៥រាជធានី ខេត្ត។


សេចក្តីណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់នោះរូមមាន ទី១ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទំលាប់ប្រពៃណីទៅតាមលទ្ធភាពជាក់ស្តែង។

ទី២ ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹង ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៣ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរ នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

ទី៥ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទី៦ ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុប ស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here