កម្ពុជាស្នើឥណ្ឌាពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ភ្នំពេញនិងសៀមរាប ដើម្បីជំរុញលំហូរទេសចរ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលសាធា​រណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌា មកកាន់កម្ពុជាបន្ថែមទៀត និងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។


បច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ដូច្នេះភ្ញៀវទេសចរ និងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាស ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកសំណើរនេះតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដើម្បីជួយជំរុញបន្ថែមទៀត នូវចរន្តភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ពិសេសនៅសៀមរាប-អង្គរ ដែលមានសក្ដានុពលផ្នែកទេស​ចរណ៍សាសនា និងទេសចរណ៍អាពាហ៍ពិពាហ៍ (Honeymoon) ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការឡើងវិញ ការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក រួមជាមួយការលុបចោលកាត្វកិច្ច នៃការធ្វើតេស្តរហ័ស (Rapid Test) និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជំរុញឱ្យភាគីឥណ្ឌា ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះ គួរត្រូវចាប់ផ្តើមពីការរៀបចំមានហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។

លោកស្រី ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា លោកស្រីកំពុងខិតខំពិភាក្សា និងជំរុញឱ្យវិស័យឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា។

លោក ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងទេសចរណ៍កម្ពុជា ក៏នឹងសម្របសម្រួលដល់សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ជាដើម បានជួបជាមួយដៃគូក្រុមហ៊ុនទេសចរណ៍ខាងឥណ្ឌា ដើម្បីឈានទៅដល់ការរៀបចំឱ្យមាន Charter Flight ឬ Schedule Direct Flight និងការងាររៀបចំទទួលភ្ញៀវទេសចរពីប្រទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here