ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរណ៍អន្ដរជាតិកើន១១៤ភាគរយក្នុងត្រីមាសទី១ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ។

នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍កន្លងទៅ បានឱ្យដឹងថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្នុងនោះ ផ្លូវអាកាស៨៦.៥៨៨នាក់ កើនឡើង១៥៨% ផ្លូវគោក៦៣.០៤៨នាក់ កើនឡើង៦៩% ផ្លូវទឹក២.០៤៤នាក់ តែក្នុងត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ភាគច្រើនទេសចរអន្តរជាតិមកពីអាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី) ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន) ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស) ទ្វីបអាមេរិក (អាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី៦០ម៉ឺននាក់ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល។

ដោយឡែក ទេសចរណ៍ផ្ទៃក្នុង សរុបប្រមាណ២,៨លាននាក់ កើនឡើង៤៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះទេសចរជាតិប្រមាណ២,៥លាននាក់ កើនឡើង៤២% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់ កើនឡើង១៣១%។

តាមការព្យាករណ៍ឆ្នាំ២០២២ អាចនឹងមានទេសចរផ្ទៃក្នុងដើរកម្សាន្ដទូទាំងប្រទេស ប្រមាណជាង១០លាននាក់ កើនឡើងជាង១០០% (២០២១ ចំនួន៤,៦៦លាននាក់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here