ក្រសួងពាណិជ្ជកម្ម គ្រោងជំរុញគុណភាពអាហារតាមផ្លូវដើម្បីទាក់ទាញទេសចរ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងគោលដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មគ្រោងនឹងរៀបចំពង្រឹងគុណភាពអាហារតាមផ្លូវ ( Street Food ) ខណៈអាជីវកម្មអាហារតាមផ្លូវ នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកដុះដាលកាន់តែខ្លាំងទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខខេត្ត។


លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា យើងបានរៀបចំនូវគុណភាពអាហារ ឱ្យកាន់តែមានស្ដង់ដារ និងធានាឱ្យបានពេលទេសចរទទួលទានហើយ មិនឈឺពោះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ក្នុងនោះយើងក៏បានពង្រឹង គុណភាពអាហារហាឡាល់ ដែលជាប្រភេទអាហារសម្រាប់ប្រជាពលរដ្ឋនិងទេសចរឥស្លាម ។

លោកបន្តថា អាហារតាមផ្លូវគឺកំពុងពេញនិយមមិនថា តែក្នុងប្រទេសកម្ពុជាយើងនោះទេ ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងក៏មានអាជីវកម្មអាហារពេលយប់នេះដែរ ហើយបើសិនជាយើងពង្រឹងគុណភាពអប់រំឱ្យអាជីវករ លក់អាហារពេលយប់ ត្រូវពង្រឹងគុណភាពឱ្យបានខ្ពស់នោះ ពួកគាត់នឹងទទួលបានចំណូលកាន់តែច្រើន ទេសចរធ្វើដំណើរកម្សាន្តក្នុងប្រទេសយើងក៏កាន់តែច្រើន និងនាំមកនូវប្រាក់ចំណូលជាច្រើនដល់ប្រទេសកម្ពុជាយើង ។

លោកបន្ថែមថា “បើសិនជាភ្ញៀវទេសចរបរិភោគអាហារ នៅតាមផ្លូវហើយ មានបញ្ហាទៅលើសុខភាពរបស់ពួកគាត់ នោះអាជីវកម្មរបស់ប្រជាពលរដ្ឋក៏មិនស្ថិរភាព ហើយអ្នកដែលបាត់បង់ចំណូលក៏អាជីវករខ្លួនឯង”។​ លោកបន្ថែមថា “តែបើសិនជាយើងលក់ប្រកបដោយអនាម័យ នោះជីវភាពរបស់ពួកគាត់ក៏ល្អប្រសើរទៅតាមហ្នឹងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យទេសចរណ៍ជាវិស័យស្នួលមួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយក្នុងវិស័យនេះ មានបញ្ហាក៏ធ្វើឱ្យការប៉ះពាល់ ទៅលើអ្នកប្រកបរបរទេស​ចរណ៍ក៏ប៉ះពាល់ដែរ ។ ដូច្នេះចង់ឱ្យទទួលបានចំណូលបន្ថែម ពីទេសចរណ៍ត្រូវមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ខ្លួនឯង និងអាជ្ញាធរពាក់ព័ន្ធផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here