ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដោយៈ សុផារី

សៀមរាបៈ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនបានទៅទស្សនា។

បើតាមក្រសួងទេសចរបានលើកឡើងថា “ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះ ពិតជាបង្ហាញយ៉ាងច្បាស់ ពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល ហើយខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ទេសចរអំឡុងពេលជំងឺកូវីដ១៩នេះ”។

តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលគេអាចមើលថ្ងៃរះចំកំពូល កណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។ ទោះបីមានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដា​លកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង។

លោកអ៉ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្ស​រាបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦ និង៣០នាទីព្រឹក ដែលជាព្រឹត្តិ​កា​រណ៍យ៉ាងពិសេសមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បុរាណវិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញានឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃនិងពេលយប់មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតា ខ្លះរយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។

ក្រសួងទេសចរណ៍ក៏បានឱ្យទៀតថា សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដ ន្យទេ គឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុ​ភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here