ក្រុមហ៊ុនBangkok Airway រំពឹងទទួលបានអ្នកដំណើរ២,៦លាននាក់ ក្នុងឆ្នាំ២០២២នេះ

ម៉ាណែត

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចររបស់ប្រទេសថៃ Bangkok Airway បានចាប់ផ្ដើមប្រតិបត្តិការហោះហើររបស់ខ្លួននឹងងើបឡើងវិញក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងទទួលបានអ្នកដំណើរ២,៦លាននាក់ ជាមួយនឹងជើងហោះហើរ៣ម៉ឺន៤ពាន់ជើង និងប្រាក់ចំណូលប្រមាណ៨,១៧ទ្រីលានបាត (ប្រមាណ២៤៧ពាន់លានដុល្លាអាមេរិក) ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរ Bangkok Airway នៅថ្ងៃទី៩ ខែមីនានេះ បានឱ្យដឹងថា ការចាប់ផ្ដើមប្រតិបត្តិការហោះហើរនេះស្របជាមួយនឹងកំណើនអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩នៅទូទាំងតំបន់អាស៊ាននិងពិភពលោក។

លោក Anawat Leelawatwatana អនុប្រធានជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងគណនេយ្យ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនរកបានប្រាក់ចំណុលសរុបប្រមាណ៥,៦៦ទ្រីលានបាត (ប្រមាណ១៧១ពាន់លានដុល្លាអាមេរិក) បើធៀបនឹងឆ្នាំ២០២០មានការថយចុះប្រមាណ៤៤,៥ភាគរយ។

លោកថា ចំណែកការចំណាយប្រតិបត្តិការសរុបរបស់ក្រុមហ៊ុនអាកាសចរនេះ មានចំនួនដល់ទៅ៨,១៤ទ្រីលានបាត (ប្រមាណ២៤៦ពាន់លានដុល្លាអាមេរិក) ធ្លាក់ចុះ៤៥,៤ភាគរយធៀបនឹងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងឆ្នាំមុននេះ ក្រុមហ៊ុនបានខាតបង់ប្រាក់សុទ្ធរហូតដល់៨,៥៩ទ្រីលានបាត ដែលរាប់បញ្ចូលទាំងការបញ្ចប់កិច្ចព្រមព្រៀងជួលអចលនទ្រព្យចំនួន៥,៤៣ទ្រីលានបាតផងដែរ។ ការខាតបង់ប្រតិបត្តិការសរុបមានចំនួនដល់ទៅ២,៥៣ទ្រីលានបាត ក្នុងឆ្នាំ២០២១ ថយចុះ២២,២ភាគរយធៀបនឹងឆ្នាំ២០២០។

លោកបន្ថែមថា “ដើម្បីសម្រេចឱ្យបាននូវគោលដៅខាងលើ យើងនឹងចាត់វិធានការជាច្រើនដើម្បីធ្វើឱ្យក្រុមហ៊ុនមានស្ថេរភាព ដែលរួមមានវិធានការសន្សំសំចៃ កាត់បន្ថយប្រតិបត្តិការយន្តហោះជួលនៅពេលផុតកុងត្រា កែសម្រួលបណ្ដាញផ្លូវឱ្យត្រូវគ្នាជាមួយនឹងតម្រូវការធ្វើដំណើរ”។

លោកបន្តថា “ក្រៅពីនោះក៏សម្របសម្រួលទៅលើប្រាក់ខែបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗផងដែរ ជាពិសេសការសម្របសម្រួលជាមួយនឹងអាកាសយានដ្ឋានក្នុងការគិតកម្រៃទាបជាងមុនបន្តទៀត”។

លោក Puttipong Prasarttong-Osoth ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bangkok Airway បានឱ្យដឹងថាឆ្នាំ២០២២នេះ វិស័យអាកាសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើងវិញប្រមាណ៤០ភាគរយ ដោយសារតែកំណើនអត្រាចាក់វ៉ាក់សាំងបានកាន់តែច្រើន ជាមួយនឹងកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរការ និងវិធានការបន្ធូបន្ថយរបស់រដ្ឋក្នុងប្រទេសថៃ។

លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងមូលមានយន្តហោះ៣៧គ្រឿង ហើយក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយមកនៅត្រឹម៣០គ្រឿងដើម្បីធ្វើប្រតិបត្តិការនៅចុងឆ្នាំ២០២២នេះ។ យន្តហោះ ប្រភេទAirbusA320ចំនួន៥គ្រឿងនឹងត្រូវប្រគល់ជូនក្រុមហ៊ុនជួលយន្តហោះវិញ ហើយយន្តហោះប្រភេទATR72-500ចំនួន២គ្រឿងទៀតនឹងប្រកាសលក់ចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here