ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុមានកំណើនច្រើនគួរឱ្យកត់សម្គាល់

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ កំណើនភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ មានកំណើនច្រើនជាងគេគួរឱ្យកត់សម្គាល់ រហូតដល់ជិត៦,២ ម៉ឺននាក់។

តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយរបាយការណ៍ទេសចរ ក្នុងចុងសប្តាហ៍ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន២១៩,៨១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២០៨,៥៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១១,២៤២នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ ខេត្តព្រះសីហនុទទួលបានទេសចរចំនួន ៦១,១៨៧នាក់ តាមដោយរាជធានីភ្នំពេញ២៩,៧៧១នាក់ ខេត្តពោធិ៍សាត់ ២៤,៨៤៥នាក់ ខេត្តបាត់ដំបង ១៨,៥៩៩នាក់ ខេត្តសៀមរាប ១៥,៣៧១នាក់ និងខេត្តកំពត ១១,៥៨៣នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា បន្ទាប់ពីចរន្តភ្ញៀវផុសផុល នាសប្តាហ៍កន្លងមក ដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ នាចុងសប្តាហ៍នេះ មិនមានការស្រុតចុះខ្លាំងទេ។

លោកបន្តថា ប្រៀបធៀបនឹងរយៈពេលចុងសប្តាហ៍ ធម្មតាមុនពេលកូវីដ-១៩ ក្នុងរង្វង់ជាមធ្យមជាង២៥ម៉ឺននាក់ នាចុងសប្តាហ៍ គឺមានការថយចុះប្រមាណ១៥%ប៉ុណ្ណោះ បើប្រៀបធៀបចុងសប្តាហ៍មុនពេលកូវីដ។

លោករដ្ឋមន្ត្រីបានបន្តថា ជាមួយការកំរើកនៃការកើនឡើង នៃអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងទេសចរណ៍ ក៏បានរួសរាន់ចេញសេចក្តីណែនាំឱ្យមន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ពង្រឹ​ងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និងSOP ការគ្រប់គ្រងចរន្តភ្ញៀវនៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មនានា ពិសេសនៅតាមមណ្ឌលកម្សាន្តទេសចរណ៍ (KTV) ព្រមជាមួយការជម្រុញការចាក់វ៉ាក់សាំង ដូសជំរុញឲ្យដល់គ្រប់បុគ្គលិកបម្រើការទាំងអស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here