ផែនការចំនួន៥ ត្រូវបានដាក់ចេញដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិ

ដោយ៖ សុផារី

ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងទេសចរណ៍ពិភាក្សាលើផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ដោយបានដាក់ចេញផែនការចំនួន៥ ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។

ឯកសារគោលសំខាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងបរិបទកូវីដ១៩ ក្នុងនោះរួមមាន (១) ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ (២) ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (៣) ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត មណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ (៤) ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និង(៥) វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត “ផែនទីចង្អុលផ្លូវស្តីពីការស្ដា និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” នៅថ្ងៃទី០៨ ខែកុម្ភៈ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានមានប្រសាសន៍ថា ផែនទីចង្អុលផ្លូវនេះ គឺជាឯកសារគោលដ៏មានសារៈសំខាន់ក្នុងការធានាបាននូវការដំណើរការអាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ហើយការរៀបចំឯកសារផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ១៩ ពិតជាមានលក្ខណៈលម្អិត និងគ្រប់ជ្រុងជ្រោយ។

គណៈកម្មការទី៧បានផ្តល់ជាធាតុចូល និងអនុសាសន៍សំខាន់ៗ ជូនដល់ក្រសួងទេសចរណ៍រួមមាន (១) ការបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាន ក្នុងការបន្តជំរុញតាមដាន ត្រួតពិនិត្យការអនុវត្ត ផែនទីចង្អុលផ្លូវ និងវិធានគោលនយោបាយនានា (២) ការផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនទំនុកចិត្ត ដល់ភ្ញៀវទេសចរ (៣) ការរៀបចំឧបករណ៍ផ្សព្វផ្សាយ (Media Toolskits) និងការពង្រីកយន្តការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរគោលដៅ ជាពិសេសអ្នកទេសចរណ៍វ៉ាក់សាំង និងទេសចរអាស៊ាន (៤)ការបន្តជំរុញ និងតាមដានលើកិច្ចការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ (៥) ការបន្តការត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបការវិវត្តចុងក្រោយនៃការមកដល់នៃបរិបទបដិវត្តឧស្សាហកម្ម៤.០ ដើម្បី ឆ្ពោះទៅការចាប់យកឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និង (៦) ការបន្តគិតគូរ កែសម្រួលជាបន្តបន្តាប់នូវគោលនយោយបាយដែលបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ចលនានៃភ្ញៀវទេសចរមានការកំរើកឡើងវិញ ទាំងការមកដល់នៃភ្ញៀវអន្តរជាតិ និងការធ្វើដំណើររបស់ភ្ញៀវក្នុង ស្រុក ក្នុងនោះចាប់ផ្តើមមានការតភ្ជាប់ជើងហោះហើរឡើងវិញរួមជាមួយនឹងកំណើនភ្ញៀវទេសចរអន្តរជាតិ មកតាមផ្លូវអាកាស ព្រមទាំងកំណើនភ្ញៀវទេសចរមកតាមផ្លូវគោកផងដែរ”។

លោកបានបន្តថា ចំពោះចលនាទេសចរណ៍ក្នុងស្រុកចរន្តភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្ដើមមានសន្ទុះល្អប្រសើរនៅរៀងរាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យទានសំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here