បុណ្យចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តបាត់ដំបងជាង១៩ម៉ឺននាក់

ដោយ៖ សុផារី

ភ្នំពេញ៖ កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់ ក្នុងនោះខេត្តបាត់ដំបងមានចំនួនទេសចរច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។

បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រាជធានីភ្នំពេញ ២៥៨.០៦៩នាក់ ខេត្តបាត់ដំបង ១៩៣.៥៦៧នាក់ តាមដោយ ខេត្តព្រះសីហនុ ៩៧.៥៤២ នាក់ ខេត្តកំពត ៦៦.៥៣៤នាក់ និងខេត្តសៀមរាប ៥៨.៩៥៣នាក់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា បើគិតរយៈពេល០៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបងមានចំនួន ២១៨.៤២០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២១៧.៩៥៩នាក់និងភ្ញៀវទេសចរអន្តរជាតិ (បរទេសផ្ទៃក្នុងនិងខាងក្រៅ) មានចំនួន ៤៦១នាក់។

លោក ហម អរុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់កាលពីថ្ងៃទី០១ ខែកុម្ភៈថា បើប្រៀបធៀបនឹងឆ្នាំកន្លងក្នុងពេលនៃពិធីបុណ្យចូលឆ្នាំចិន ដូចគ្នានេះដែរ ឆ្នាំនេះកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង មានការកើនឡើងគួរឱ្យកត់សំគាល់ ។

លោកថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ មកពីហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅទេសចរណ៍សំខាន់ៗបានល្អ ហើយសម្រាប់ឆ្នាំនេះអាកាសធាតុមានអំណោយផលល្អ ព្រមជាមួយនោះនៅតាមតំបន់រមណីយដ្ឋាននិងគោលដៅទេសចរណ៍នៅជាប់ប្រភពទឹកមានសភាពស្អាត ទឹកត្រជាក់និងមានភាពថ្លាល្អ រាក់ងាយស្រួលក្នុងការងួតទឹកលេង ហើយកត្តាសំខាន់មួយទៀតគឺដោយសារតែប្រទេសមានសុខសន្តិភាព ដែលជាការផ្តល់ឱកាសដល់ពលរដ្ឋអាចធ្វើដំណើរទៅកាន់តំបន់ជិត ឬឆ្ងាយតាមតម្រូវការ។

លោកបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការបើកប្រទេស បើកសេដ្ឋកិច្ចលើគ្រប់វិស័យ បន្ទាប់ពីប្រទេសជាតិមានភាពធូរស្រាលឡើងវិញនូវការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បើទោះបីជារហូតមកមកដល់នឹងពេលបច្ចុប្បន្ន ការផ្ទុះឆ្លងនូវមេរោគបំប្លែងថ្មីអូរមីក្រុងនៅតែកើតរាល់ថ្ងៃ តែប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងបីប្រភេទ បាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលទៅមុខទៀត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានក្តីរីករាយជាមួយចរន្តភ្ញៀវទេសចរដ៏ច្រើននេះ ខណៈដែលចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលចរន្តសេដ្ឋកិច្ចដែលមកពីការទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនព្រេននាឱកាសចូលឆ្នាំនេះ ក៏បានចាក់បញ្ចូលដោយផ្ទាល់ និងប្រយោលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here