ប្រតិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មានស្វែងយល់អំពីសក្តានុពលធម្មជាតិនៅជួរភ្នំក្រវាញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដើម្បីទទួលបានបទពិសោធន៍ផ្សងព្រេង ដោយផ្ទាល់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិឈានមុខគេ និងពោរពេញដោយភាពទាក់ទាញ នៅតាមតំបន់ធម្មជាតិជួរភ្នំក្រវាញ គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” បានរៀបចំដំណើរទស្សនកិច្ច ស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ទី២៨ ខែមករា ឆ្នាំ២០២២។


កម្មវិធីនេះ មានការអញ្ជើញឲ្យចូលរួម ពីសំណាក់ក្រុមអ្នកសារព័ត៌មា​ន ក្រុមការងារម្ចាស់ជំនួយមកពីធានាគារពិភពលោក ក្រសួងបរិស្ថាន ក្រ​សួងអភិវឌ្ឍន៍ជនបទ និងប្រតិបត្តិករទេសចរណ៍ សរុបមានចំនួន៥៥នាក់។

លោកឃិន ម៉េងឃាង ជាប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថានបានឲ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចនេះ មានគោលបំណង ដើម្បីបង្ហាញទីតាំងទេសចរណ៍ធម្មជាតិល្អដាច់គេ នៃតំបន់ជួរភ្នំក្រវាញ ទៅកាន់ក្រុមប្រតិបត្តិករទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជា ក្រុមអ្នកសារព័ត៌មាន ដើម្បីបន្តយកទៅផ្សព្វផ្សាយ ឲ្យបានទូលំទូលាយពីសក្តានុពលវិនិយោគ ប្រកបដោយនិរន្តរភាព និងភាពទាក់ទាញដ៏រស់រវើកនៃតំបន់ទាំងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេល៤ថ្ងៃនៃដំណើរទស្សនកិច្ច ក្រុមអ្នកចូលរួមក៏អាចស្វែងយល់កាន់តែច្បាស់ពីរបៀបរស់នៅ ជីវភាព និងសកម្មភាពចិញ្ចឹមជីវិតនានារបស់ប្រជាសហគមន៍ នៅក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។ នៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ច ក្រុមអ្នកចូលរួមនឹងត្រូវធ្វើដំណើរ ទៅកាន់តំបន់ជាច្រើន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងកោះកុង ដែលមានដូចជាសហគមន៍អេកូទេសចរណ៍ចំបក់ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ សហគមន៍អេកូទេសចរណ៍ជីផាត់ តំបន់ថ្មរូង តំបន់ស៊ីនតាម៉ានីវ៉ាល ជំរុំបោះតង់ភ្នំក្រវាញ ស្ថានីយសួនសត្វក្បែរជីផាត់ ដងស្ទឹងតាតៃ ទន្លេ៤កោះអណ្តែត ស្ទឹងអារ៉ែង ភ្នំម្រេចកង្កែប និងទឹកធ្លាក់ស្ទឹងពង្រូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here