កម្ពុជាជំរុញពន្លឿន MOU ជាមួយអារ៉ាប៊ីសាអូឌីត និងភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ

ដោយៈ សូរិយាវង្ស

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍៍ លោកថោង ខុនបានស្នើឯកអគ្គរដ្ឋ​ទូតប្រទេសអារ៉ាប៊ីសាអូឌីត ពន្លឿនលើការអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសការភ្ជាប់ជើងហោះហើរត្រង់។

ក្នុងជំនួបជាមួយ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា ជំនួនពិភាក្សាជាមួយនេះធ្វើឡើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរ បន្ទាប់ពីដឹងថាកម្ពុជាបានប្រកាសពីគោលដៅទេសចរណ៍ សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។

លោកថោង ខុន បានបង្ហាញអំពីវឌ្ឍនភាព របស់ប្រទេសកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រផ្សេងៗ ក្នុងការបើកទេសចរ​ណ៍​ក្នុងតំបន់ឡើងវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីចង្អុលផ្លូវ ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំងជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី ថោង ខុនបានបន្តថា កម្ពុជាជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព ដែលបានស្ដែងឱ្យឃើញនៅក្នុងការរៀបចំវេទិ​កាទេសចរណ៍អាស៊ានឆ្នាំ២០២២ (AFT 2022) នៅក្រុងព្រះសីហនុកន្លងទៅ។ ក្នុងចំណោមភ្ញៀវអន្តរជាតិជាង៤០០នាក់ មកពី២៧ប្រទេស មុនពេលត្រលប់ទៅវិញ ពួកគេបានធ្វើតេស្ត PCR គឺមិនមានផ្ទុកមេរោគកូវីដ១៩ឡើយ។

លោករដ្ឋមន្ត្រីបានស្នើឱ្យលោក សាអូដ អាល់ ស៊ូវេលីម ជួយផ្សព្វផ្សាយ ពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទៅក្នុងទីផ្សារទេសចរណ៍ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

លោកថោង ខុន ក៏បានលើកឡើងពីគោលបំណង ចង់តភ្ជាប់ជើងហោះហើរត្រង់ ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីជំរុញដល់ការផ្លាស់ប្ដូរចរន្តភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។ ការតភ្ជាប់ជើងហោះហើរនេះ អាចធ្វើឡើងតាមទម្រង់ត្រីកោណ (ភ្នំពេញ-ព្រះសីហនុ-សៀមរាប) ឬតាមទម្រង់ផ្ទាល់រីយ៉ាដ-ភ្នំពេញក៏កាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here