ប្រតិបត្តិករទេសចរណ៍ថៃ​បាត់បង់ក្តីសង្ឃឹមសម្រាប់រដូវកាល​បុណ្យ​ឆ្នាំថ្មី និងបុណ្យចូលឆ្នាំចិន

ដោយ៖ ស្រីលិះ​

បាងកក៖ ប្រតិបត្តិករទេសចរណ៍ថៃកំពុងបាត់បង់ក្តីសង្ឃឹមក្នុងការទទួលភ្ញៀវទេសចរក្នុងរដូវឈប់សម្រាកឆ្នាំថ្មី និងបុណ្យចូលឆ្នាំចិន ខណៈដែលក្រសួងសុខភាពសាធារណៈថៃព្យាករពីសេណារីយ៉ូអាក្រកបំផុតថានឹងមានករណីឆ្លងវីរុសអូមីក្រុង ៣ម៉ឺនករណីក្នុងមួយថ្ងៃនៅត្រីមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Sisdivachr Cheewarattanaporn ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃបានថ្លែងថា៖ «សេចក្តីសម្រេចអ្វីក៏ដោយដែលរដ្ឋាភិបាលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺថ្មី យើងមិនមានជម្រើសឡើយ ប៉ុន្តែត្រូវអនុលោមតឹងរ៉ឹងតាមវិធានរបស់អ្នកជំនាញសុខាភិបាល រួមទាំងការផ្អាកកម្មវិធី Test & Go ដែលអាចត្រូវបានពន្យារពេលហួសពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២»។

លោក Sisdivachr បានថ្លែងថា សេណារីយ៉ូថ្មីមានន័យថា ឧស្សាហកម្មទេសចរណ៍ថៃមិនទំនងជាទទួលបានអត្ថប្រយោជន៍ពីថ្ងៃឈប់សម្រាកចូលឆ្នាំចិន ដែលនឹងចាប់ផ្តើមនៅដើមខែកុម្ភៈឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសុខភាពសាធារណៈថៃបានឱ្យដឹងថា ប្រសិនបើវីរុសកូវីដ-១៩ រីករាលដាលខ្លាំង និងរហ័ស សេណារីយ៉ូល្អបំផុតអាចមើលឃើញករណីឆ្លងថ្មីចំនួន ១ម៉ឺនករណីជាមធ្យមនៅត្រឹមពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែក្នុងសេណារីយ៉ូអាក្រក់បំផុត ចំនួនឆ្លងថ្មីអាចកើនឡើងដល់ជាង ៣ម៉ឺនករណីក្នុងមួយថ្ងៃ។

ស្ថានភាពឆ្លងក្នុងប្រទេសថៃនៅពេលដែលវីរុសដែលតាកំពុងរីករាលដាលខ្លាំង បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែសីហា ដោយមានករណីឆ្លងខ្ពស់បំផុតរហូតដល់ ២៣.៤១៨ករណី។

លោក Sisdivachr បានថ្លែងថា ខណៈដែលសហគមន៍ក្នុងពិភពលោកកាន់តែមានក្តីបារម្ភអំពីវីរុសអូមីក្រុង ស្ថានភាពទេសចរណ៍មានភាពប្រែប្រួលខ្លាំង និងមិនអាចព្យាករបាន។

ម្យ៉ាងវិញទៀត សកម្មភាពទេសចរណ៍អាចវិលត្រលប់មកវិញបាន ប្រសិនបើអ្នកជំងឺអូមីក្រុងភាគច្រើនមានអាការៈស្រាល ហើយស្ថានភាពទូទៅបង្កគ្រោះថ្នាក់តិចជាងការរំពឹងទុក ខណៈដែលមនុស្សនឹងបន្តធ្វើដំណើររបស់ខ្លួនដូចធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here