ក្រសួងទេសចរណ៍ពង្រឹកការបណ្តុះបណ្តាលធនធានមនុស្សរាប់រយនាក់នៅតំបន់ឆ្នេរ និងភូមិភាគឦសាន្ត

ដោយៈគង់ ម៉ាលីនណា

ព្រះសីហនុៈ ក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ដឹកនាំដោយលោកគុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានរៀបចំវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្រ្តីប្រចាំការនៅតាមមណ្ឌលព័ត៌មានទេសចរណ៍។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នៅសាលបណ្តុះ បណ្តាលរបស់មន្ទីរទេស​ចរណ៍ខេត្តព្រះសីហនុ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិកដែលធ្វើការ ប្រចាំនៅតាមមណ្ឌលព័ត៌មានទេសច​រណ៍ ដើម្បីគ្រប់គ្រងលើប្រតិបត្តិការ មណ្ឌលព័ត៌មានទេសចរណ៍ និងបង្កើនសមត្ថភាពសេវាបដិសណ្ឋារកិច្ច ឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមការរៀបចំវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងធ្វើក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប៥០នាក់ ភាគច្រើនជាមន្ត្រីរាជការ និងបុគ្គលិកដែលប្រចាំ នៅតាមមណ្ឌលព័ត៌មានទេសចរណ៍មកពីខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង និងមាន តំណា​ងរដ្ឋបាលខេត្តព្រះសីហនុ លោកប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ តំណាងមន្ទីរទេសចរណ៍ ខេត្តទាំងបួនជាប់តំបន់ឆ្នេរ និងថ្នាក់ដឹកនាំនៃក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍។

ជាមួយគ្នានេះ លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្រ្តីពាក់ព័ន្ឋបានចូលរួមកិច្ចប្រជុំផងដែរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានបង្ហាញពីលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហការជាមួយអង្គការ SwissContact និងមន្ទីរទេសចរណ៍ខេត្តដោយទទួលបានលទ្ធផលរួមមាន ទី១ គ្រូបង្គោល ហូកា ចំនួន១០៧ រូបលើជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទី២ បានបណ្តុះបណ្តាលសិក្ខាកាម ដែលជាអ្នកជំនាញកម្រិតទាប និងបុគ្គលិកកំពុងបម្រើការងារចំនួន១០០រូប។

ទី៣ ជំរុញបណ្តុះបណ្តាលខាងក្នុង (In-house training) ដល់បុគ្គលិកតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍ទេសចរណ៍/អេកូ- ទេសច​រណ៍ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ចំនួន ៣០០រូប និងទី៤ បានបណ្តុះបណ្តាលអ្នកជំនាញឆុងកាហ្វេ កម្រិតមូលដ្ឋាន (Basic Barista Skills) លើសិក្ខាកាមចំនួន ១០០រូប។
អង្គប្រជុំក៏បានអបអរសារទរ ចំពោះការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលជាឯកសារមូលដ្ឋានប្រកបដោយមានសង្គតិភាព និងអាចប្រើប្រាស់បានសម្រាប់ការបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ ជាពិសេសឯកសារសម្រាប់បណ្តុះបណ្តាលអ្នកជំនាញកម្រិតទាប និងឯកសារសម្រាប់បណ្តុះបណ្តាល អ្នកជំនាញកម្រិតគ្រប់គ្រង ឬម្ចាស់អាជីវកម្មទេសចរណ៍។

ឯកសារដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានទទួលស្គាល់រួមមាន ទី១ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទី២ ជំនាញការិយា​ល័យជួរមុខ ទី៣ ជំនាញគេហកិច្ច និងរៀបចំបន្ទប់ និងទី៤ ជំនាញចុងភៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here