ការកំណត់ពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរមិនទាន់ច្បាស់លាស់នៅឡើយ

ដោយៈ សុផារី

ភ្នំពេញៈ លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ក្រុមហ៊ុនសាងសង់កំពុងពន្លឿនការងាររបស់ខ្លួន ដើម្បីជួយជំរុញការលើកកម្ពស់ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែល្អប្រសើរ ជាពិសេសទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតជាងគេ នៅលើពិភពលោកមួយនេះឱ្យបានច្រើនឡើងបន្ថែមទៀត។

លោកមានប្រសាសន៍បន្តថា មុននឹងអាចបើកសាកល្បងនេះបាន គឺក្រុមហ៊ុនត្រូវពិនិត្យ និងពិចារណាឱ្យបានល្អិតល្អន់ជាទីបំផុត ជាពិសេសក្រុមការងារ ពាក់ព័ន្ធបានខិតខំយ៉ាងសស្រាកសស្រាំ ធ្វើឱ្យយ៉ាងណាព ន្លឿនការងារនេះ ឱ្យបានរួចរាល់តាមផែនការកំណត់ ដើម្បីឱ្យគ្រប់លក្ខណៈសម្បត្តិ មុននឹងបើកដំណើរការ និងឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្តនៅតំបន់តារាសាគរក្នុងខេត្តកោះកុង។

លោកបន្តថា ម្យ៉ាងវិញទៀត ប្រសិនបើក្រុមហ៊ុននៅតែមិនទាន់អាចបំពេញបានតាមលក្ខខណ្ឌតម្រូវការ ដូចជា ការគោរពអនុវត្តន៍បានតាមអនុ​លោមភាពនៃស្តង់ដារបច្ចេកទេស និងសុវត្ថិភាព គឺក្រុមហ៊ុននឹងធ្វើការងារនេះជាបន្តទៀត ដើម្បីបំពេញឱ្យបានតាមផែនការកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់យ៉ាងដូច្នេះថា បញ្ហាអាកាសយានដ្ឋានតារាសាគរ ដូចខ្ញុំនិយាយអ៊ីចឹង គឺការរំពឹងទុករបស់គាត់ថា នឹងមានការបើកសាកល្បង នៅក្នុងឆមាស ទី១នៃឆ្នាំ២០២២ ប្រសិនបើអ្វីៗសម្រេចទៅដោយរលូនដូចការគ្រោងទុក ប៉ុន្តែសម្រាប់ការអនុវត្តន៍នោះ មិនមែនជាការងាយស្រួលទេ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សម្រាប់ភាពអនុលោមគ្រប់បែបយ៉ាងនោះ គឺគាត់ត្រូវការពេលវេលាបន្ថែម ដើម្បីធានាថាគាត់គោរពបាន ក៏ដូចជាអនុវត្តតាមអនុលោ​មពាក់ព័ន្ធ ជាមួយនឹងបញ្ហាសុវត្ថិភាព សន្តិសុខនេះបាន គឺដូច្នេះក្រុមការងា​រកំពុងតែដុតដៃដុតជើង ធ្វើការជាមួយក្រុមជំនាញ ប៉ុន្តែសម្រាប់ពេលវេលានោះ គឺមិនទាន់អាចកំណត់បានច្បាស់​លា​ស់នោះទេ អាចនឹងមានការពន្យាពេលតទៅទៀតឬបន្តិចទៀត។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ ត្រូវបានអភិ​វឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ក្រោមទុនជាង២០០លានដុល្លារអាមេរិក ។ គម្រោងនេះគ្របដណ្តប់ លើផ្ទៃដីទំហំ២១៨ហិកតា និងមានផ្ទៃដីបម្រុង ចំនួន១០០០ហិកតាទៀត ក្នុងចំណោមផ្ទៃដីទំហំ ៤៥,០០០ហិកតា នៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ។

ផ្លូវរត់របស់ព្រលានយន្តហោះ មានប្រវែង៣២០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ ដែលមានសមត្ថភាព អាចទទួលការចុះចតយន្តហោះ Boeing ៧៧៧ និង Airbus ៣៤០ ឬ៣៥០ ដែលជាប្រភេទយន្ដហោះខ្នាតធំ។ ម្យ៉ាងវិញទៀត គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here