ផ្សារទំនើប AEON Mall1 ចំណាយប្រាក់ ៦០លានដុល្លារដើម្បីកែលំអរ និងទាក់ទាញអតិថិជន

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុន AEON Mall Group បាននិងកំពុងរៀបចំផែនការចំណាយប្រាក់រហូតដល់៦០លានដុល្លារអាមេរិក ដើម្បីធ្វើការកែលំអរផ្សាររបស់ខ្លួនឡើងវិញ។

ប្រធានក្រុមហ៊ុនសាងសង់មួយរូប ដែលបានទទួលការងារមួយចំនួនពីក្រុមហ៊ុន NOJIMA ដែលជាក្រុមហ៊ុនជប៉ុន ហើយទទួលបានសិទ្ឋផ្តាច់មុខ ក្នុងការកែលំអរផ្សារនេះបានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការកែលំអរផ្សារនេះបាន និងកំពុងចាប់ផ្តើមហើយ ដោយផែន​ការកែលំអរនេះ គ្រោងចំណាយរយៈពេល២ឆ្នាំទើបបញ្ចប់។

លោកបន្តថា “ការកែលំអរនេះនឹងធ្វើឡើងតាមជំហ៊ានៗ និងតាមផ្នែកនិមួយៗដែលមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ផ្សារនេះនោះទេ”។ លោកបន្តថា “ការកែលំអរនេះនឹងធ្វើគ្រប់ជាន់និមួយៗ និងកែលំអរចំណតយានយន្តផ្នែកខាងក្រោយ ព្រមទាំងចំណតយានយន្តផ្នែកខាងលើដំបូងផងដែរ ដែលពេលអនាគតជាន់លើដំបូលអាចមានភោជនីយដ្ឋាន និងតន្រ្តីបែបក្លាសិកផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុន NOJIMA ដែលមានទីស្នាក់ការប្រចាំតំបន់ នៅប្រទេសវៀតណាមកំពុងផ្តល់ការងារនេះ ដល់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះ ដំណើរការលឿនតាមផែនការគ្រោងទុក។ លោកបន្តថា តាមធម្មតាផ្សារទំនើបនិមួយៗ តែងតែមានការកែលំអររៀងរាល់១០ឆ្នាំម្តង ដើម្បីបង្កើនសោភ័ណភាព​ស្របតាមសម័យកាល និងទាក់ទាញអតិថិជនកាន់តែច្រើន។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ផ្សារទំនើបនិមួយៗពិតជាទាមទារការកែលំអរ លើកកំពស់សោភ័ណភាព និងបង្កើតអ្វីថ្មីៗ ដើម្បីទាក់ទាញអតិថិជនជាប្រចាំផងដែរ។

អ្នកស្រីបន្តថា “ទោះជាយ៉ាងណាទំហំនៃការផ្គត់ផ្គង់ផ្សារទំនើប នៅរាជធានីភ្នំពេញបានលើ​សតម្រូវការហើយនាពេលនេះ ដែលទាមទារឲ្យអ្នកវិនិយោគ ត្រូវគិតគូរឲ្យបានច្រើនលើភាពប្រកួតប្រជែង និងសាងសង់ផ្សាររបស់ខ្លួនឲ្យមានភាពទាក់ទាញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here