រដ្ឋាភិបាលចាប់ផ្តើមណែនាំដល់រដ្ឋបាលនិងផ្នែកឯកជននៅខេត្តសៀមរាបដើម្បីត្រៀមខ្លូនទទួលទេសចរណ៍៍អន្តរជាតិ

ដោយៈគង់ ម៉ាលីនណា

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍៍ លោកថោង ខុន ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេស​ចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញ។

ដើម្បីឱ្យការបើកទទួលភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ បានដាក់ចេញអនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកថោង ខុនបានដាក់ចេញអនុសាសន៍ដូចនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា”។​ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក លោកទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីជំនាញក្រសួងសុខាភិបាល រួមទាំងផ្នែកឯកជនក្នុងវិស័យ ទេសចរណ៍ និងផ្នែកពាក់ព័ន្ធមួយចំនួនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចប្រជុំនេះ លោកថោង ខុនបានផ្តល់អនុសាសន៍ណែនាំលើចំណុចសំ​ខាន់ៗជាច្រើន រួមមាន៖

ទី១ សម្រាប់រដ្ឋបាលខេត្តសៀមរាប
បន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៅតាមមូលដ្ឋាន ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ រួមមាន រមណីយដ្ឋានទេសចរណ៍, សហគមន៍ទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មស្នាក់នៅទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការីទេសចរណ៍ក្នុងស្រុក និងមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត កីឡាទេសចរណ៍, សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (បៀហ្គាឌិន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក), សេវាកម្មស្ប៉ា និងម៉ាស្សា, សេវាកម្មម៉ាយ(MICE) បន្ទប់ប្រជុំ, ព្រឹត្តិការណ៍ទេសចរណ៍ និងការីទេសចរណ៍នាំភ្ញៀវចូល និងសេវាកម្មផ្សេងៗទៀត ឱ្យស្របនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលមានជាធរមាន (ដោយឡែកចំពោះ ខារ៉ាអូខេ រង្គសាល ឌីស្កូទែក រង់ចាំក្រោយ ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១)។

ទី២ សម្រាប់វិស័យឯកជន
ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវត្រៀមខ្លួនសម្របគំរូអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ នូវវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដា SOP នានារបស់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ, អនុវត្តនូវទស្សនទាន «IBEST» នៅគ្រប់កោសិកានៃខ្សែច្រវាក់ផ្គត់ផ្គង់ នៃវិស័យទេសច​រណ៍កម្ពុជា និងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការផ្សព្វផ្សាយទាំងក្នុងប្រទេស និងទៅក្រៅប្រទេសពិសេស ដល់ប្រភពទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា។

ទី៣ សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ
ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី គ្រប់ច្រកទ្វារចេញ-ចូលប្រទេស ជាពិសេសអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប។

ទី៤សម្រាប់ក្រុមហ៊ុនអាកាសចរណ៍
ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេស ដែលជាប្រភ​ពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាព។

ទី៥ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាព ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងចូលរួមអនុវត្តតាមវិធាន “៣ការពារ និង៣កុំ” វិធានសុខាភិបាល វិធាន SOP របស់ក្រសួងទេសចរណ៍វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មត់ចត់។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវមោះមុត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ បទប្បញ្ញតិ្ត វិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត ពិសេសការបន្តចាក់វ៉ាក់សាំងដូសជំរុញ និងចាក់ដល់ក្មេងអាយុ ៥ឆ្នាំថែមទៀត។

តាមរយៈវិធានការនានា ដែលបានដាក់ចេញទាន់ពេល ព្រមជាមួយសន្ទស្សន៍យ៉ា​ងល្អនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូលមូលដ្ឋានពេញលេញ ដូសជំរុញ និងដល់កុមារ៥ឆ្នាំ កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្មក្នុងស្រុក និងអាជីវកម្មនានាឱ្យមានដំណើរការល្អ ក៏ដូចជា ជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here