ឥណ្ឌាកំពុងសម្លឹងសក្តានុពលខេត្តកែបដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍

ដោយៈគង់ ម៉ាលីនណា

កែបៈ   ឥណ្ឌាកំពុងសម្លឹងឃើញសក្តានុពលខេត្តកែប ដើម្បីទាក់ទាញ និងបង្កើនសក្តានុពលលើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ជាមួយ​រដ្ឋបាលខេត្ត​កែប ​ដែលជា​តំបន់​ ​ទេសចរណ៍​ឆ្នេរសមុទ្រ​។

ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកស្រី Devyani Khobragade ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​សប្តាហ៍​មុននៅសាលា​ខេត្តកែប លោកស្រី Khobragade លើកឡើងថា នេះ​គឺជា​ជំនួប​ដើម្បី​បង្កើន​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ជាប់មាត់​សមុទ្រ​។ លោកស្រី​បន្តថា អភិបាលខេត្ត​កែប​បាន​ឯកភាព​ធ្វើការ​រួមគ្នា​ ដើម្បី​បង្កើន​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ​ក្នុង​វិស័យ​ទេសចរណ៍ កសិកម្ម និង​ការកសាង​សមត្ថភាព​ និង​បង្កើន​ឱកាស​សេដ្ឋកិច្ច​អតិបរមា​។

លោកស្រី​បន្ថែមថា​ “​ភាគី​ទាំង​២ ក៏បាន​ពិភាក្សា​គ្នា​ ដើម្បី​បង្កើត​ចំណងមិត្តភាព​ខេត្ត​ជា​បងប្អូន​ស្រី​ផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានលើកឡើង​ដែរ​ថា ឥណ្ឌា​បានមក​ស្វែងយល់​ពី​សក្តានុពល​របស់​ខេត្ត និង​សិក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ​ទៅលើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​អប់រំ ជាដើម​។

ទន្ទឹមនឹងនេះ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង ​ពី​សក្តានុពល​សំខាន់ៗ និង​បង្ហាញ​ចក្ខុវិស័យ​ដែល​ខេត្ត​ បានដាក់​ចេញ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ក្នុង​ខេត្ត ​នាពេលខាងមុខ​។ ​

លោក​ថា “ភាគី​ឥណ្ឌា​សន្យាថា​ នឹង​ទទួលយក​គម្រោង​ណាមួយ​ ប្រសិនបើ​ខេត្ត​ស្នើសុំ​ឱ្យមាន​ការគាំទ្រ​ពី​ឥណ្ឌា​”។លោក​បន្តថា​ “ខ្ញុំ​សង្ឃឹមថា​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ នឹង​ពិនិត្យ​រាល់​គម្រោង​ដែល​ខេត្ត​បានដាក់​ចេញ ដើម្បី​ពិនិត្យ​ និង​ជួយ​គាំទ្រ ពិសេស​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទាំង៣ខាងលើ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here