កម្ពុជានាំចេញដើមនិងជ័រកៅស៊ូទទួលបានទឹកប្រាក់ជាង៣០៤លានដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា កម្ពុជា​ប្រមូល​បាន​ប្រាក់​ជាង៣០៤​លាន​ដុល្លារ​ ពី​​ការ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល៨​ខែ​ នៃ​ឆ្នាំ​ ២០២២ ថយចុះ​​ជាង៦ ​ភាគ​រយ ​បើ​ធៀប​នឹង​​​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ​មុន​។

យោងតាម​ទិន្នន័យ​ពី​អគ្គ​​នាយក​ដ្ឋាន​កៅស៊ូ ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទបានឲ្យដឹងនៅដើមសប្តាហ៍នេះថា ចាប់ពី​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើកៅស៊ូ ក្នុង​ទឹក​ប្រាក់​សរុប៣០៤,៣៨៥,១៦០ដុល្លារ ធ្លាក់​ចុះ​៦,៧២​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​មាន​ចំនួន៣២៦,៣៣៨, ៧២៨ដុល្លារ។

​ទិន្នន័យ​ការ​នាំចេញ​ជ័រកៅស៊ូ ក្នុង​រយៈពេល​​៨​ខែ​ឆ្នាំ​ ២០២២ គឺ​មាន​​​បរិមាណ​១៩៤,០១៤ ​តោន កើន​ឡើង១៤៥៣តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដោយ​ប្រមូល​បាន​ប្រាក់​៣០១,២៩ ​លាន​ដុល្លារ។ រីឯ​ការ​នាំ​ចេញ​ឈើ​កៅស៊ូមាន​២០,៦២៩​ម៉ែត្រ​គុប និង​ប្រមូល​បាន​ប្រាក់៣, ០៩១, ៥៨៩លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​កៅស៊ូ លោកហ៊ឹម អូន បានមានប្រសាសន៍ឲ្យដឹងថា បញ្ហា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​នៅតែ​បន្ត​ជួប​បញ្ហា​ដោយសារ​វិបត្តិ​មួយ​ចំនួន​ ដូចជា ជំងឺ​កូវីដ​១៩ វិបត្តិ​ភូមិសាស្រ្ត​នយោ​បាយ​រវាង​ចិន-អាមេរិក និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ បាន​ធ្វើ​ទីផ្សារ​​​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​មិន​សូវល្អ​ទេ​។ លោក​បន្ត​ថា ទោះយ៉ាងណា​ទីផ្សារ​នេះ​​​នឹង​អាច​​​ដំណើរការ​ល្អ​ឡើង​វិញ​ នៅ​ពេល​ស្ថានភាព​​​​ពេលនេះ​កន្លង​ផុត​ទៅ ពិសេស​ការ​លុប​បំបាត់​ជំងឺ​កូវីដ​១៩ ដែល​នឹង​អនុញ្ញាត​ឱ្យ​ការ​ធ្វើ​ដំណើរ​ច្រើន​ដូច​មុន​អំឡុង​​ឆ្នាំ​ ២០១៩ ​។

លោក​​​ថ្លែង​ថា “ទោះបី​ពេលនេះ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ មិនមាន​ទីផ្សារ​ល្អ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​វា​នឹង​ល្អ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ ពិសេស​ការ​ប្រមូល​ទិញ​ពី​​សំណាក់​រោងចក្រ​ផលិត ​កៅស៊ូ​កង់​រថយន្ត​ក្នុង​ស្រុក ដែល​នឹង​ដំណើរការ​នៅ​ពេល​ខាង​មុខ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here