ប្រទេសចំនួនជាង៤០ហើយបានទិញអង្ករពីកម្ពុជា ខណៈកម្ពុជាសល់ ជាង៤,២លានតោន

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រហូតមកទល់ពេលនេះ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្កើតទីផ្សារនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង៤០ប្រទេសហើយ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន Amru Rice លោកឧកញ៉ាសុង សារ៉នបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សម្រេចបានការនាំចេញអង្ករ បានយ៉ាងល្អប្រសើរដោយសារកត្តាជាច្រើន​រួមមាន ទី១យើងត្រូវស្វែងយល់អំពីវប្បធម៌របស់ប្រទេស ដែលយើងគ្រោងនាំចេញ។ តាមពិតទៅភាគច្រើន យើងធ្វើជោគជ័យខ្លាំង គឺយើងសិក្សាទៅលើបរិបទវប្បធម៌ ។

លោកបន្តលើកជាឧទាហរណ៍ថា ជនជាតិអឺរ៉ុប ជាទូទៅគួរមានទំនាក់ទំនងយ៉ាងម៉េច ដើម្បីឱ្យចូលជាមួយគាត់បាន។ ដូច្នេះលោកបានសិក្សាពីបរិបទនៃប្រទេសនីមួយៗ នូវគន្លឹះដើម្បីធ្វើឱ្យគាត់ទិញអង្កររបស់យើង សម្រា​ប់ទីផ្សារចិន យើងក៏មានបរិបទក្នុងការទំនាក់ទំនងភាសា និងប្រើប្រា​ស់យុទ្ធសាស្រ្ត ដើម្បីឱ្យគាត់អាចទិញអង្ករយើងបានដែរ។

ក្រៅពីសិក្សាអំពីវប្បធម៌ និងទំនាក់ទំនងអំពីប្រទេស ដែលគ្រោងនាំចេញ យើងក៏ត្រូវសិក្សាថាតើយើងមានអ្វី ដែលជាគន្លឹះ​ឱ្យគេទិញយើង។ ប្រសិនបើយើងមានដូចគេ វាអត់មានអ្វីប្លែកសម្រាប់គេទេ ដូច្នេះយើងត្រូវមានអ្វីថ្មីសម្រាប់គាត់​(ទីផ្សារអន្តរជាតិ)។ លោកឧកញ៉ា សុង សារ៉នបញ្ជាក់ឲ្យដឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា សុង សារ៉ន បានបន្តថា កម្ពុជាទើបតែចាប់ផ្តើមធ្វើទីផ្សារនាំចេញអង្ករ រយៈពេល១០ឆ្នាំចុង​ក្រោយនេះ ទោះបីជាទទួលបានផ្លែផ្កាល្អប្រសើរ តែក៏មានបញ្ហាប្រឈម និងជួបការលំបាកច្រើន ដែលបានហែលឆ្លង។

លោកបញ្ជាក់ថា “បញ្ហាដែលកម្ពុជាជួបប្រទះ គឺយើងជាប្រទេសមួយដែលទើបលេចមុខមាត់ថ្មី ជាប្រទេសដែលអត់ឃ្លាន​ខ្វះស្បៀង ទៅជាប្រទេសសល់ស្បៀង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជា សល់ស្រូវច្រើន ដែលត្រូវកែច្នៃនាំចេញ”។

លោកឧកញ៉ាបានបន្ថែមថា ប្រទេសយើងថ្មី ជាធម្មតាកម្រិតនៃការផលិតរបស់យើង​នៅទាប ជាងប្រទេសជិតខាង ដែលមានបទពិសោធន៍យូរឆ្នាំ ការផលិតរបស់គេបានធំ ដោយប្រើដើមតិច ធ្វើឱ្យគេអាច​ប្រកួត​ប្រជែងទៅលើតម្លៃបាន។

បញ្ហាប្រឈមរបស់កម្ពុជា មួយទៀតនោះគឺ ការដឹកជញ្ជូន ។ មានន័យថា ប្រព័ន្ធដឹក​ជញ្ជូន​ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ កំពង់ផែ ហើយនឹងការដឹកជញ្ជូនតាមនាវាសមុទ្រ ទៅប្រទេសចុងក្រោយ ដែលទិញអង្កររបស់យើង។

លោកឧកញ៉ាសុង សារ៉នបានបន្តថា ទោះយ៉ាងណា កម្ពុជា អាចធ្វើបានល្អ ទៅលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និង​គ្រោង​បង្កើន​ការនាំចេញ​អង្ករ​ក្រអូប និង​អង្ករ​សរីរាង្គ​ទៅកាន់​ទីផ្សារ​អាមេរិក ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​យល់ឃើញ​ថា ទីផ្សារ​នេះ​មាន​សក្ដានុពល​ខ្លាំង​​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here