ចិនក្លាយជាទីផ្សារសំខាន់បំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ

ដោយ៖​ សុធីតា

ភ្នំពេញ៖ នៅរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ វ៉ាដាច់សហគមន៍អឺដែលធ្លាប់តែឈរនៅលេខ១ ដែលបានទិញអង្ករពីកម្ពុជាកាលពីពេលកន្លងមក ដែលធ្វើឱ្យចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។

សព័ន្ធស្រូវអង្ករកម្ពុជាព្យាករណ៍ថា ៥ឆ្នាំទៅមុខទៀត ចិននៅតែជាទីផ្សារនាំមុនគេដដែល ហើយជាពិសេសនោះនឹងជំរុញដល់ការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ តាមផែនការរបស់រាជរដ្ឋាភិបាល។

យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនបានឈរនៅលំដាប់ទី១ដែលនាំចូលអង្ករកម្ពុជាច្រើនជាង បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេល៣ឆ្នាំ ពោលគឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩ ប្រទេសចិន បាននាំចូលអង្ករកម្ពុជាប្រមាណជាង២៤ម៉ឺនតោន ស្មើនឹង៤០%នៃបរិមាណនាំចេញសរុបជាង៦២ម៉ឺនតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញទៅទីផ្សារប្រទេសនេះ បានបន្តកើនថែមទៀតនៅឆ្នាំ២០២០ ដែលមានបរិមាណជាង២៨ម៉ឺនតោន ស្មើ៥០,២% នៃបរិមាណនាំចេញសរុបជាង៦៩ម៉ឺនតោន។

ចំណែកឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅទីផ្សារប្រទេសនេះ បានចំនួនជាង៣០ម៉ឺនតោន ស្មើនឹង៥០,២%នៃបរិមាណនាំចេញសរុបរបស់កម្ពុជា ដែលមានជាង៦១ម៉ឺនតោន។

ក្នុងឆ្នាំ២០២២នេះ គិតតែត្រឹមឆមាសទី១នេះ កម្ពុជាបានចេញអង្ករទៅប្រទេសចិនមានចំនួនជាង១៦ម៉ឺនតោន ដែលស្មើនឹង៥១,៤% នៃបរិមាណនាំចេញសរុប ៕

LEAVE A REPLY

Please enter your comment!
Please enter your name here