ថវិការ៥០ម៉ឺនដុល្លារអាមេរិកប្រគល់ជូនសហគ្រាសជលផល១៧ដើម្បីផលិតកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ

ដោយ: លក្ខិណា
ភ្នំពេញ ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រគល់ថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិកដែលជាជំនួយរបស់សហភាពអឺរ៉ុប និងអង្គការUNIDO ដើម្បីផ្ដល់ជូនសហគ្រាសជលផលចំនួន១៧សហគ្រាសសម្រាប់ យកទៅប្រើប្រាស់ក្នុងការផលិត កែច្នៃនិងផលិតផលជលផលដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេសនិងផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។
ថ្លែងនៅក្នុងពិធីប្រគល់កញ្ចប់ថវិកាដល់សហក្រាសទាំងនេះកាលពីព្រឹកថ្ងៃទី៥ កក្កដា ២០២២ នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍ ។ ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថានិមិត្តសញ្ញាគុណភាពកម្ពុជា ។


លោកបន្តថា សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ គ្រាសឯកជនបាននិងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ ។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំ បាច់ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលផងដែរ ហើយពិតណាស់ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។

 


លោកវេងសាខុនបានផ្ញើក្តីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹងចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។ នាឱកាសនេះ លោកក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផលវារីវប្បកម្មផងដែរ ។


ធនាគារពិភពលោកប្រចាំកម្ពុជាបានព្យាករថាវិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣នេះ នៅតែបន្តរួមចំណែកសំខាន់ក្នុងការចូលរួមដល់សេដ្ឋកិច្ច ហើយប្រជាពលរដ្ឋជាច្រើននៅតែបន្តពឹងលើវិស័យមួយនេះប៉ុន្តែវិស័យនេះក៏ត្រូវធ្វើពិពិធកម្មដើម្បីឱ្យពលរដ្ឋទទួលបានប្រយោជន៍កាន់តែខ្ពស់បន្ថែមទៀត ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here