កម្ពុជាស្នើចិនពន្លឿនការចរចាលើពីសារអនាម័យ និងភូតគាមអនាម័យលើផលិតកសិកម្ម៧មុខបន្ថែមទៀត

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជាចិនបន្ថែមទៀត ភាគីទាំងពីរបានចរចានិងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំទំនិញមួយចំនួន ទៅកាន់ទីផ្សារចិនដោយផ្ទាល់ ហើយថ្មីៗនេះ កម្ពុជាក៏បានស្នើចិនពន្លឿនការចរចាពីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្ម៧មុខបន្ថែមទៀត។

ថ្លែងនៅក្នុងសន្និសីទស្ដីពីការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥នៅកម្ពុជា កាលពីពេលថ្មីៗនេះ លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជាចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកបានបង្ហាញអំពីកាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីររហូតដល់ ៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែង ក្នុងរបត់ទីផ្សារសកល ដែលកំពុងមានចលនាក្នុងសម័យឌីជីថល៤.០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ថា ចំណងមិត្តភាពជាមួយមហាមិត្តចិន ដែលកកើតឡើងប្រមាណជិតពីរពាន់ឆ្នាំ តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចាត់ទុកថាជាចំណងមិត្តភាព “ដែកថែប”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន បានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះដែរ បានធ្វើឱ្យកម្ពុជាអាចនាំទំនិញបន្ថែមទៅកាន់ទីផ្សារចិនតាមរយៈការចរចាម្ដងមួយដំណាក់ៗ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ កម្ពុជានឹងនាំទំនិញទៅកាន់ប្រទេសចិនដោយមិនគិតពន្ធ ហើយចិននាំមកវិញក៏រួចពន្ធដែរ នឹងអាចធ្វើឱ្យវិនិយោគិនបរទេសចូលមកកម្ពុជាបណ្ដាក់ទុនហើយផលិតនូវទំនិញនាំចេញទៅកាន់បានថែមទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here