ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូរបស់កម្ពុជាទទួលចំណូលជាង ១៧០លានដុល្លារ

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២។

របាយការណ៍ដដែលបានបន្តឲ្យដឹងថា ចំណូលសរុបគិតត្រឹមខែឧសភា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០,២៨២,០៣១ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ១៦៨,៤៦៨,៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ១,៨១៣,៣៩១ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន១០៥,០៤៨តោន កើនឡើងចំនួន១,៨០៩តោន ស្មើនឹង ២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៣,០២៦ម៉ែត្រគូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ ១,៦០៤ដុល្លារក្នុងមួយតោន បានថយចុះចំនួន៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤,០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង ២៣%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here